(ប៉ៃលិន)៖ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្រុមសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានបើកយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាន ក្នុងក្រុងប៉ៃលិន ចាប់ផ្តើមពីចំណុចប៉េនរថយន្តថ្មីប៉ៃលិន រហូតដល់ចំណុចជើងភ្នំយ៉ាត ដោយមានអ្នកចូលរួម២៥០នាក់ ។
បើតាមលោក ឡា ដាំ តំណាងសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានប្រាប់អ្នកសារព័ត៌មានថា៖ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមសម្អាតអនាម័យ និងបរិស្ថាន ក្នុងខេត្តប៉ៃលិន ឲ្យមានភាពស្រស់ស្អាត និងគ្មានសំរាម តាមដងផ្លូវ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាគណៈអភិបាលខេត្ត ទើបបងប្អូនក្រុមម៉ូតូឌុប រថយន្តតាក់ស៊ី បងប្អូនម៉ូតូកង់បី បានរួមគ្នាធ្វើយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាន ក្នុងក្រុងប៉ៃលិន ។
លោក ឡា ដាំ បានបន្តថា៖ យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងប៉ៃលិន របស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អ ដែលនាំមកនូវសុខភាពល្អ។
លោក ក៍បានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយបន្តទៀត ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុង ដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវប្រកបដោយផាសុខភាព។ ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសំរាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាម និងចោលសំរាមឱ្យត្រឹមត្រូវតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ដែលបានរៀបចំជូនផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន