សន្និបាតបូកសរុបការងារបោះឆ្នោះនីតិកាលទី៧ ឆ្នាំ២០២៣ខេត្តកំពងធំនេះ ទទួលលទ្ធផលល្អ ខណៈពលរដ្ឋចេញមកបោះឆ្នោតច្រើនលើសលប់នឹងពុំមានការប្តឹងតវ៉ា ឬប្តឹងជំទាស់ឡើយ

0

(កំពង់ធំ)៖ ដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយសិរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព មានសុវត្ថិភាពពេញលេញ និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតចំនួន៣៧៥​​​​​​​​.៥២៦នាក់ ស្មើនឹង៨២.២២% ពុំមានការប្តឹងតវ៉ា ឬប្តឹងជំទាស់ឡើយ។ នេះបើតាមការលើកឡើងពីសំណាក់លោក តូ គឹមហ៊ត អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំក្នុងសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ លោក ប្រែង សាវុធប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លើកឡើងដែថា ភាពជោគជ័យទាំងនេះ ជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញនូវការសហការគាំទ្រអស់ពីកម្លាំងកាយចិត្ត និងសម្ភារ របស់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អស់លោក លោកស្រី ដែលជាមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ការិយាល័យបោះឆ្នោត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ខេត្តកពង់ធំមានគណបក្សនយោបាយដែលបានចុះបញ្ជីនៅមណ្ឌលបោះឆ្នោតខេត្តមានចំនួន១៥គណបក្សនយោបាយ ដែលមាន៦អាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាបាន៥អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចបាន១អាសនៈ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ជាលទ្ធផលនៃការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រលំដាប់ទី១ ក្នុងចំណោមគណបក្សទាំង១៥នៅខេត្តកំពង់ធំ។ ក្នុងនោះអត្រាពលរដ្ឋចេញមកបោះឆ្នោតមានរហូតដល់៣៧៥.៥២៦នាក់ស្មើនឹង៨២.២២% ដែលលទ្ធផលនេះជាតួលេខដែលខ្ពស់ជាងក្នុងចំណោមបណ្តាខេត្តនានា នៃសន្ទុះពលរដ្ឋចេញមកបោះឆ្នោត។

យ៉ាងណាឯកឧត្តម សុក ហៃ បានសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត នៅគ្រប់ដំណាក់កាល ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយរលូនប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះ ក៏ត្រូវទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងនេះផងដែរ។