(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជានឹងរៀបចំបង្កើតរដ្ឋាភិបាលនីតិកាលទី៧ ហើយយើងខ្ញុំ ទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាយុវជនដ៏មានសក្ដានុពលក្នុងការបន្តវេនរបស់កម្ពុជា សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា បន្តថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងដើម្បីបន្តការ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាមគំរូវីរៈភាពដ៏អង់អាចរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ។
ការថ្លែងបែបនេះក្នុងពិធីសម្ភោធជាផ្លូវការ ធនាគារ វីង សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ និងគោលនយោបាយដ៏ត្រឹមត្រូវ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់ មានស្ថិរភាពដែលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ បានធ្វើឱ្យប្រទេសជាតិវិលមករកសុខសន្តិភាពយ៉ាងពេញលេញបរិបូរណ៍ ហើយពាក្យសន្តិភាពដែលកើត ចេញពីការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះនេះ កំពុងស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលការណ៍នេះបានផ្ដល់ឱកាសក្នុងការទទួលបាននូវសិទ្ធិសេរីភាពក្នុងការដើរហើរ និង ការប្រកបមុខររបរចិញ្ចឹមជីវិតដោយពុំមានការភ័យខ្លាច។ ទន្ទឹមគ្នានេះ គោលនយោបាយឈ្នះ ឈ្នះ ក៏បាននាំមកនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដោយធានាដល់ការរីកចំរើនលើគ្រប់វិស័យ និងកំពុងប្រែមុខមាត់ ថ្មីនៅលើឆាកអន្តរជាតិផងដែរ ៕