(កំពង់ចាម)៖ ម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចជារូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់អស់ ១៩ក្បាល ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ អាជ្ញាធរឃុំផ្តៅជុំ បានឱ្យដឹងថា ដោយប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាហ្វូងដើម្បីស៊ីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។
អាជ្ញាធរ បានបន្តថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។ អាជ្ញាធរបានបញ្ជាក់ថា ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន១៩ក្បាល ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕