(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា បានដឹកនាំភរិយា ដែលជាគ្រួសារនាយទាហាន និងយោធិននារី នៃក្រុមការងារយេនឌ័រ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តឥន្ទ្រីសំវិរ:ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ព្រះតេជគណ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកំពង់ធំ បានមានសង្ឃដីការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមវត្តកំពង់ធំនេះ។
ជាមួយនេះផងដែរ ព្រះទេពសត្ថា សៀង សុខ បានមានសង្ឃដីកាបន្ថែមទៀតថាបច្ចុប្បន្ននេះព្រះសង្ឃដែលគង់ចាំព្រះវស្សា និងស្នាក់នៅរៀនសូត្រនៅក្នុងវត្តឥន្ទ្រីសំវរ:ហៅវត្តកំពង់ធំនេះ មានចំនួនរហូតដល់ទៅ ១៥៦អង្គ ដែលត្រូវដោះស្រាយចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងនូវការកោតសរសើរ ចំពោះព្រះតេជគុណព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា ដែលព្រះអង្គបានខិតខំដឹកនាំការកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅទូទាំងខេត្តកំពង់ធំ ឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងក្រុមគ្រួសារនាយទាហាន និងយោធិននារីក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវទៀនព្រះវស្សាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យមួយចំនួន សម្រាប់ជួយផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តនេះផងដែរ។
ព្រះតេជគណ ព្រះមេគុណខេត្តកំពង់ធំ បានសូមជូនពរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ក្រុមគ្រួសារនាយទាហាន នឹងយោធិននារី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវសេចកីសុខសេចកីចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។