កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា រដ្ឋបាលខេត្តគ្រោងធ្វើការពង្រីកផ្លូវ និងកសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យទន្លេអុំមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែលយេីងអាចជិះទូកលេងកម្សាន្តបាន ពោលគឺត្រូវធ្វើការអភិវឌ្ឍន៍ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ក្នុងឆ្នាំ២០២៤ខាងមុខនេះ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គិតមកដល់ពេលនេះ ពិធីបុណ្យចេញព្រះវស្សា គឺនៅសល់ពេលប្រមាណជាង ២ខែ ប៉ុណ្ណោះ ។ យ៉ាងណាមិញ នាឱកាសអបអរសាទរពិធីបុណ្យចេញព្រះវស្សា នាឆ្នាំ២០២៣ នេះដែរ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំពិធីអធិកអធ័ម ដោយរៀបចំការតាំងពិពណ៌បង្ហាញផលិតផលក្នុងខេត្ត និងការប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច រយៈពេល ២ថ្ងៃ ដើម្បី បង្កបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋយើង ក៏ដូចជា ការអបអរសាទរ បន្ទាប់ពីយើងបានដំណើរការបោះឆ្នោត ដោយជោគជ័យ នាពេលថ្មីៗកន្លងទៅនេះ ផងដែរ ។ ទន្ទឹមនឹងនោះដែរ នាឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នាឆ្នាំនេះដែរ យើងក៏លើកទឹកចិត្តឲ្យទូកល្បីៗ ទាំងក្នុង និងក្រៅខេត្ត បានចូលរួមប្រណាំងប្រជែង ដើម្បី ប្រជាពលរដ្ឋទស្សនាកំសាន្ត ។ ជាមួយគ្នានោះដែរ បន្ទាប់ពីការជួបជុំប្រណាំង នៅទីនេះហើយនោះ ទូកដែលឈ្នះ ឬទូកដែលមានលទ្ធភាព នឹងយកទៅប្រណាំងប្រជែង ជាលក្ខណៈកម្រិតជាតិ នៅឯរាជធានីភ្នំពេញ ផងដែរ ។ ដូច្នេះ សូមឲ្យរដ្ឋបាលខេត្ត ក៏ដូចជា ស្ថាប័នជំនាញ រួមគ្នាគិត និងលើកផែនការគ្រោង ឲ្យបានហ្មត់ចត់ និងដោយការយកចិត្តទុកដាក់បំផុត ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៤។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៤ ។