ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ បានរៀបចំវេទិកាស្ដីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក

0

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំវេទិកាស្តីពីការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រមប្រឹក្សាស្រុក អាណត្តិទី៣ ក្រោមអធិបតីភាពលោក កុច គឹមហូ ប្រធានក្រុមប្រឹក្សាស្រុក លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ និងសហការី រួមជាមួយរដ្ឋបាលឃុំស្រើងនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន១៧០នាក់។

លោក កុច គឹមហូ ប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងថា រាល់សំណើនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម ឬកង្វល់អ្វីមួយដែលធ្វើឱ្យមានបញ្ហាក្នុងសហគមន៍ឬនៅតាមមូលដ្ឋាន សូមលើកឡើង និងផ្ដល់ដំណឹងដល់ក្រុមការងារនៅថ្នាក់ស្រុកដើម្បីជួយប្រតិបត្តិការឱ្យបានទាន់ពេលវេលា។

លោកប្រធានក្រុមប្រឹក្សាស្រុក ក៏បានលើកយកបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលកើតមានឡើងនៅក្នុងសហគមន៍មកធ្វើការបង្ហាញរួមមាន÷ ១.សំណូមពរកសាងផ្លូវគ្រាលគ្រួសក្រហមមួយខ្សែ ពីភូមិជាំបឹងទៅភូមិថ្មី និងស្ពាន១កន្លែង។ ២.កសាងផ្លូវក្រាលគ្រួសក្រហមពីភូមិថ្មីទៅ រមណីយដ្ឋានធ្នូសតាព្រហ្ម ព្រោះជាកន្លែងលំហែកម្សាន្តអេកូទេសចរណ៍។ ៣.សំណើសុំតភ្លើងចូលទៅភូមិស្វាយ ឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់។ ៤.សុំផ្លូវក្រាលគ្រួសក្រហមពីភូមិអណ្តូងបី ទៅភូមិទំនប់ ព្រោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរដូវវស្សាលំបាកខ្លាំង។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានថ្លែងថា ចំពោះបញ្ហាប្រឈមមួយចំនួននៅក្នុងសហគមន៍នេះ ក្រុមការងារថ្នាក់ស្រុកនិងយកមកសិក្សាវាយតម្លៃ ដើម្បីឱ្យអស់ចម្ងល់និងជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ពិសេសសម្រាប់សិស្សានុសិស្សមកសិក្សារៀនសូត្រ ដឹកកសិផលផ្សេងៗនិងងាយស្រួលសម្រាប់ការធ្វើដំណើរទៅលំហែនៅតំបន់រមណីយដ្ឋានផ្សេងៗប្រកបដោយសុវត្ថិភាពផងដែរ។