មន្ត្រីស៊ីម៉ាក់ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ៣០០គ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាម នៅកប់ក្រោមដីក្នុងបរិវេណវិទ្យាល័យមួយ នៅក្នុងខេត្តក្រចេះ

0

ខេត្តក្រចេះ៖ សិស្សសាលាបានខនខានក្នុងការសិក្សា គ្រាដែលមន្ត្រីស៊ីម៉ាក់ បានប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ ដែលបានបន្សល់ទុកពីសម័យសង្គ្រាមជិត ២៨៤គ្រាប់ ដែលកប់នៅក្រោមដី នៅក្នុងបរិវេណ «វិទ្យាល័យមហាក្សត្រិយានីកុសុមៈ» កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

នាយកសាលាវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ បានថ្លែង ឲ្យអ្នកសារព័ត៌មានដឹងថា កម្លាំងអង្គការស៊ីម៉ាក់បានរាវរក និងប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤ប្រភេទ គឺ ប្រភេទM79 ចំនួន ២៥០គ្រាប់ ប្រភេទDK75 ចំនួន ១៦គ្រាប់ គ្រាប់ផ្លោង ១៧គ្រាប់ និងគ្រាប់B40 ចំនួន ១គ្រាប់ សរុបមានចំនួន ២៨៤គ្រាប់។ លោកបញ្ជាក់ថា នៅថ្ងៃទី១២សីហា ម្សិលមិញ កម្លាំងជំនាញស៊ីម៉ាក់ កំពុងបន្តរុករក និងបានប្រទះឃើញគ្រាប់ជាច្រើនបន្ថែមទៀត ហើយបេសកម្មរុករក ក៏នៅមិនទាន់បានបញ្ចប់នៅឡើយដែរ។ ដោយឡែក សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន ដោយរង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករកសិន។

កម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានអះអាងថា គ្រាប់ទាំងនេះ គឺគ្រាប់អាចផ្ទុះធ្វើឱ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន។ ចំណែកឯទីតាំងប្រទះឃើញគ្រាប់នេះ ដូចជារណ្ដៅគេកប់គ្រាប់កាលពីសម័យសង្រ្គាម។ តែទោះជាយ៉ាងណា ប្រតិបត្តិការរុករក និងការយកគ្រាប់ចេញពីទីតាំងនេះ នឹងធ្វើឡើងរយៈពេលប្រមាណជា ២ថ្ងៃ ទើបត្រូវបានបញ្ចប់៕ដោយ៖ឡុង សំបូរ