រថយន្តសាំងយ៉ុងដឹកកំប៉ុងហ្គាសមួយគ្រឿង បានរងការឆាបឆេះគ្មានសល់ និងមនុស្ស ៤នាក់ បានរងរបួសជាទម្ងន់ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មនុស្សប្រុស-ស្រី ៤នាក់ ក្នុងចំណោម ៦នាក់ បានរងរបួសជាទម្ងន់ និងរថយន្តសាំងយ៉ុងមួយគ្រឿង បានរងការឆាបឆេះនៅសល់តែគ្រោងឆ្អឹង ក្រោយការផ្ទុះកំប៉ុងហ្គាសដែលផ្ទុកក្នុងរថយន្តនោះ នៅក្នុងហេតុការណ៍ដែលបានកើតឡើង នាវេលាម៉ោងប្រមាណជិត ៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបង្គោលលេខ ៤១ ស្ថិតក្នុងភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងហេតុការឆាបឆេះរថយន្តដឹកកំប៉ុងហ្គាសនោះ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានដឹកនាំកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ចុះពិនិត្យពីស្ថានភាព និងជួយសង្គ្រោះជនរងគ្រោះ ជុំវិញការឆាបឆេះរថយន្តសាំងយ៉ុងមួយគ្រឿងនោះ ដែលបានបង្កឲ្យមនុស្សប្រុស-ស្រី ៤នាក់ ក្នុងចំណោម ៦នាក់ បានរងរបួសធ្ងន់ និងស្រាលពីការឆាបឆេះដោយអណ្តាតភ្លើងនោះ។

ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្តដែលរងការឆាបឆេះនោះ ជាប្រភេទរថយន្តសាំងយ៉ុង ពណ៌ស ចំណែក ប្រជាពលរដ្ឋរងគ្រោះ គឺជាអ្នករត់ឡានតាក់ស៊ី រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ លោកបានបន្តថា រថយន្តនេះបានផ្ទុកទៅដោយកំប៉ុងហ្គាសតូចៗជាច្រើន ហើយមូលហេតុដែលធ្វើឲ្យរថយន្តនេះឆេះ គឺបណ្តាលមកពីទុស្សេចរន្តភ្លើង។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា មនុស្សដែលជិះក្នុងរថយន្តនោះ មានគ្នា ៦នាក់ ក្នុងនោះ បុរស ២នាក់ ​ស្ត្រី ៤នាក់ ចំណែក អ្នករងរបួសធ្ងន់មានស្ត្រី ៣នាក់ និងបុរសម្នាក់ រីឯអ្នករងរបួសស្រាលមាន ២នាក់ គឺបុរសម្នាក់ និងស្រ្តីម្នាក់។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ លោកបានបញ្ជូនអ្នករងរបួសស្រាលទាំង ២នាក់ ទៅកាន់លំនៅដ្ឋាន រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិតនោះហើយ៕ដោយ៖ឡុង សំបូរ