ខេត្តព្រះវិហារ៖ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានលើដែនដីរដ្ឋបាលខេត្តព្រះវិហារ ស្របពេលដែលស្នាក់ការសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន ដែលមានតួនាទីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវគេមើលឃើញ បានសង់នៅប្របនឹងដងផ្លូវជាតិ ដើម្បីឃ្លាំមើលពីការប្រព្រឹត្តបទល្មើសនានា ពិសេសបទល្មើសដឹកជញ្ជូនផល-អនុផលព្រៃឈើ។
មតិមហាជនបានលើកឡើងថា បើទោះបីពួកគាត់បានឃើញ ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានមូលដ្ឋាននៅប្របនឹងដងផ្លូវជាតិ ក្នុងខេត្តព្រះវិហារ យ៉ាងណាក៏ដោយ ក៏ពួកគាត់កម្រនឹងឃើញ សមត្ថកិច្ចជំនាញទាំងនោះ ចេញបង្ក្រាបបទល្មើសដឹកជញ្ជូនឈើទាំងនោះណាស់ តែយូរៗទើបឃើញចេញបង្ក្រាបម្តងម្កាល។
ជាក់ស្តែង សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ របស់មេឈ្មួញឈ្មោះ លាំង ត្រូវគេមើលឃើញថា បានដឹកឈើធ្វើជំនួញស្ទើរគ្មានថ្ងៃលោះនោះទេ ដោយដឹកចេញពីក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្បែងមានជ័យ ក្រុងព្រះវិហារ និងស្រុករវៀង នាំឆ្ពោះចូលទៅខេត្តកំពង់ធំ ដោយឆ្លងកាត់មុខស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដោយគ្មានការរំខាន និងធ្វើឡើងបានយ៉ាងរលូន។
ប្រភពរាយការណ៍បានឲ្យដឹងថា នៅម៉ោងជាង ៨យប់ ថ្ងៃទី១៣សីហា២០២៣ មេឈ្មួញឈ្មោះ លាំង នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នេះជាដដែល និងក្រោយពីទទួលបានការរាយការណ៍នោះមក មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បានចេញចាប់រ៉ឺម៉កសណ្តោងឈើនោះ និងនាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ។
គេមិនទាន់ដឹងថា តើការបង្ក្រាបរ៉ឺម៉កដឹកឈើល្មើសច្បាប់នោះ នឹងបន្តឃាត់ទុកបានប៉ុន្មានដង្ហើមចង្រិតនោះទេ ព្រោះនៅពេលកន្លងមក សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ធ្លាប់បានចាប់រួចមកហើយដែរ តែការចាប់នោះមិនបានប៉ុន្មានដង្ហើមផង ក៏ត្រូវបានដោះលែងមកវិញ ហើយមេឈ្មួញឈើរូបនោះ (លោក លាំង) បានបន្តសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ បានយ៉ាងរលូនជាដដែល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩សីហា២០២៣ កន្លងទៅថ្មីៗនេះ រ៉ឺម៉កដឹកឈើ របស់លោក លាំង បានជួបគ្រោះថ្នាក់ដោយខ្លួនឯង ក្រឡាប់ពីលើទ្រូងផ្លូវ ធ្លាក់ចូលទៅក្នុងស្នាមភ្លោះ ដោយមានឈើនៅក្នុងរ៉ឺម៉កនោះ ផងដែរ។ ប៉ុន្តែ ក្នុងពេលក្រឡាប់រ៉ឺម៉កនោះ គេពុំឃើញ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងស្ថាប័នណាមួយ ទៅធ្វើការដកហូតយកឈើនោះ យកមករក្សាទុកជាសម្បត្តិរដ្ឋនោះឡើយ៕ដោយ៖ឡុង សំបូរ