អអភិបាលខេត្តកែប ចាត់ទុកសាលាបច្ចេកទេស ដុន បូស្កូ  ជាកន្លែងផលិតធនធានមនុស្ស ប្រកបដោយភាពច្បាស់លាស់

0

ខេត្តកែប៖ បើគិតពីការដំណើរដំបូង នៃសាលាបច្ចេកទេស ដុន បូស្កូ នៅខេត្តកែប នាអំឡុងឆ្នាំ២០១២ រហូតមកទល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល១២ឆ្នាំមកហើយ ដែលសាលាអង្គការមួយនេះ បានបំពេញបេសកកម្ម ក្នុងការបណ្តុះបណ្តាលយុវជន និងកុមារក្រីក្រ  រាប់ពាន់នាក់ អោយមានជំនាញមួយច្បាស់លាស់ ជាមួយសីលធម៌ និងសុជីវធម៌ល្អ ក្នុងការចេញទៅបំពេញការងារនៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ភាគច្រើននៃយុវជនទាំងនោះ បានប្រែពីបន្ទុករបស់សង្គម ក្លាយទៅជាសសរទ្រូងរបស់សង្គមជាតិវិញ។ 

ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ របស់សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា អ្វីដែលសាលាកំពុងធ្វើនៅខេត្តកែប ជាអ្វីដែលសង្គមជាតិយើងត្រូវការ សាលាបានបណ្តុះបណ្តាលនូវជំនាញមួយដ៏ពិតប្រាកដទៅកាន់យុវជន រាប់រយនាក់ក្នុងមួយឆ្នាំៗ ចេញពីខេត្តកែបទៅ ហើយយុវជនទាំងនោះ កំពុងបម្រើការតាមជំនាញរៀងៗខ្លួន ជាមួយគុណភាព ប្រសិទ្ធភាពការងារខ្ពស់។

ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយយុវជន ជាពិសេសសិស្សានុសិស្សដែលគ្រោងនឹងបញ្ចប់ទី១២ទាំងអស់ ចាប់យកជំនាញមួយអោយបានច្បាស់លាស់ក្នុងជីវិត សឹមបន្តយកមុខវិទ្យាបន្តបន្ទាប់ទៀត ក្នុងនោះឯកឧត្តមបង្ហើបថាក្នុងអាណត្តិទី៧នេះ ទីផ្សារការងារនៅខេត្តកែបនឹងមានច្រើន តាមរយៈគម្រោងវិនិយោគធំៗចូលមក ដែលនេះជាឱកាសល្អសម្រាប់និស្សិតដែលកំពុងតែសិក្សាជំនាញនៅសាលាដុន បូស្កូខេត្តកែប នេះតែម្តង។

បុរសជនជាតិកូឡុំប៊ី មានឈ្មោះខ្មែរហៅ លី សំណាង ជាអធិការនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានអោយដឹងដែរថា កាល១២ ឆ្នាំមុន លោកបានមកដល់ខេត្តកែបជាមួយគ្រូចំនួន១០ នាក់ ដោយចាប់ផ្តើមគម្រោងអប់រំបច្ចេកទេសថ្មី សម្រាប់យុវជន ខេត្តកែប និងខេត្តក្បែរនោះមានកំពត និងតាកែវជាដើម។ ក្រុមនិស្សិតជំនាន់ទី១ មានយុវជន៤០នាក់ បុរស២០នាក់ និងស្ត្រី២០នាក់តែប៉ុនណ្ណោះ គិតមកទល់ពេលនេះយើងដំណើរការបាន៨ជំនាន់ហើយ។ សព្វថ្ងៃនេះសាលា មានសិស្សជាង ៤០០ នាក់ដែលកំពុងសិក្សា។

គួរបញ្ជាក់ថាសាលាអង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះ កំពុងបណ្តុះបណ្តាលយុវជនលើ៤ជំនាញ មានជំនាញអគ្គិសនី ជំនាញវិទ្យាសាស្រ្តលេខាធិការ ជំនាញព័ត៌មានវិទ្យា និងជំនាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៕ សេង ណារិទ្ធ