កម្មវិធីអប់រំបរិយាយអំពីព្រះគុណឪពុកម្តាយតាមបែបព្រះពុទ្ធសាសនា ក្រោមការផ្តួចផ្ដើមឧបត្ថម្ភដោយសមាគមជីវិត និងក្តីសង្ឃឹម ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង

0

(កំពង់ធំ)÷ ព្រះភិក្ខុ ហឿន វិរៈ ព្រះចៅអធិការវត្តពៅពិសី ខេត្តកំពង់ធំ បានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្តកំពង់ធំ មកផ្សព្វផ្សាយកម្មវិធីអប់រំបរិយាយអំពីព្រះគុណឪពុកម្តាយតាមបែបព្រះពុទ្ធសាសនា ក្រោមការផ្តួចផ្ដើមឧបត្ថម្ភដោយសមាគជីវិត និងក្តីសង្ឃឹម ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ព្រះភិក្ខុ ហឿន វិរៈ ព្រះចៅអធិការវត្តពៅពិសី មានសង្ឃដឺកាទៅកាន់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សគឺដើម្បីឱ្យសិស្សានុសិស្សមានឱកាសទទួលចំណេះដឹង និងបដិបត្តិតាមមាគា៌ព្រះពុទ្ធសាសនា។ ឱ្យសិស្សានុសិស្សមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អតាមក្រមសីលធម៌។ សិស្សានុសិស្ស ក្លាយខ្លួនជាកូនល្អរបស់ឪពុកម្តាយ ជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូ ជាសមាជិកល្អរបស់សង្គម និងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនា។ យល់ដឹងអំពីបុណ្យបាប គុណទោស ជាពិសេសដើម្បីអប់រំពង្រឹងគុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គម ឱ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអាណាចារ និងគ្រោះថ្នាក់ចរាចរណ៍។ ហ្វឹកហាត់កាយវាចាចិត្តល្អ ក្នុងការរស់នៅប្រចាំថ្ងៃ។

ព្រះចៅអធិការវត្តពៅពិសី មានសង្ឃដឺកាបន្តទៀតថា បើនិយាយពីព្រះពុទ្ធសាសនា គឺពិតជាបានរួមចំណែកច្រើនណាស់ជួយដល់សង្គមជាតិ ឬមនុស្សជាតិ ទាំងមូល។ មានន័យថាព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្ត ឬអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមខ្មែរ។ ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ននេះមានមនុស្សមួយចំនួន ពេលខ្លះព្រោះតែភាពលោភលន់ ព្រោះតែការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យលែងស្គាល់បុណ្យ លេងស្គាល់បាប លេងស្គាល់គុណទោស ខ្លះទៀតលេងស្គាល់បងប្អូន ឬឪពុកម្តាយជាដើម។ ព្រះពុទ្ធ សាសនាតែងតែដើរតួរជួយពង្រឹង ជួយណែនាំ ជួយអប់រំដល់មនុស្សទាំងនោះឱ្យមានសេចក្តីភ្ញាក់រលឹកឡើង វិញចេះស្គាល់គុណទោស បុណ្យបាប ចេះឱ្យតម្លៃមនុស្សចេះគិតផលប្រយោជន៍រួមជាធំ និងចេះធ្វើអំពើល្អផ្សេងៗ ជាដើម។

ព្រះភិក្ខុ ហឿន វិរៈ ព្រះចៅអធិការវត្តពៅពិសី មានសង្ឃដឺកា ដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ដែលបានប្រារព្ធឡើងនៅពេលនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដាស់តឿនស្មារតី និងប្អូនសិស្សានុសិស្ស។ សូមក្រើនរំលឹកដល់ប្អូនៗសិក្សានុសិស្សទាំងអស់ត្រូវចងចាំនៅពុទ្ធឱវាទ ឬខ្លឹមសារអប់រំដ៏មានសារសំខាន់នាថ្ងៃនេះ ដើម្បីប្រើជាពន្លឺដាស់តឿនខ្លួនឯង ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អទាំងនៅក្នុងសាលារៀន និងក្នុងសង្គម។