គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ

0

ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបាន ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។

បើសិនជាមានតាមបណ្តាមូលដ្ឋានណាមួយនោះ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកមេភូមិ-មេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍ទាំង៦៤ឃុំ-សង្កាត់ ត្រូវទទួលខុសត្រូវ ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការផងដែរ។

ម្យ៉ាងទៀតចំពោះបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក៏ដូចគ្នាដែរ សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឱ្យអស់មិនឱ្យសល់ឡើយ បើឃុំ/ស្រុកណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកាកបាទក្រហមខេត្ត ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគបរិភោគ ពូជដំណាំ និងទីទួលមានសុវត្ថិភាពឱ្យបានរួចជាស្រេច ដើម្បីបង្ការទុកជាមុននៅពេលមានទឹកជំនន់ទន្លេមេគង្គហក់ឡើង ត្រូវជម្លៀសប្រជាជនទៅទីទួលមានសុវត្តិភាពឱ្យបានទាន់ពេលវេលា៕