រដ្ឋាភិបាលមីយ៉ានម៉ារាយការណ៍កាលពីថ្ងៃទី៧ តុលា ថា ខ្លួននឹងដោះលែងអ្នកទោសជាង៣ពាន់នាក់ ខណៈសល់ពេលជាង១ខែទៀត ប្រទេសនេះទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត ដែលត្រូវចូលរួម ដោយមេដឹកនាំបរទេសជាច្រើនរូបក្នុងនោះមានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ
សហរដ្ឋអាមេរិក ដែលគាំទ្រដល់ការកែទម្រង់នៅភូមានោះបានសម្តែងការអបអរសាទរចំពោះ ការសម្រេចចិត្តនេះ ហើយអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ដែលនៅសល ហើយហាក់ពុំមានបញ្ចូលក្នុងបញ្ជីឈ្មោះអ្នកទោស៣.០៧៣នាក់ដែលត្រូវ ដោះលែង ។
ប្រធានាធិបតីភូមា លោក ថេន សេន ប្រកាសពីការលើកលែងទោសនេះ ក្នុងនាមនៃសន្តិភាព និងស្ថិរភាព ព្រមទាំងនីតិរដ្ឋ ។ ទោះជាយ៉ាងណា អង្គការក្រៅរដ្ឋាភិបាល Assistance Association For Political Prisoners ថ្លែងថា ការលើកលែងទោសនេះពុំទាក់ទិនដល់អ្នកទោសនយោបាយដែលខ្លួនយល់ថានៅសល់ ៧៥នាក់ទៀតឡើយ ៕