សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តមួយគ្រឿង ដឹកឈើប្រណីត និងឈើលេខ១ បញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ

0

ខេត្តព្រះវិហារ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង ចុះចាប់រថយន្ត១គ្រឿង ដែលផ្ទុកឈើប្រណីត និងឈើលេខ១ ពេញប្រៀបរថយន្ត នៅក្នុងរង្វង់ដីផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាវេលាម៉ោងជាង ២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបរថយន្តដឹកឈើនោះ បាននិយាយថា រថយន្តដែលរងការបង្ក្រាបនេះ ជាប្រភេទសាំងយ៉ុង ក្បាលពណ៌លឿង លាយខៀវចាស់ ខ្លួនពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-6790 បានផ្ទុកឈើប្រណីត ប្រភេទធ្នុង និងឈើលេខ១ ប្រភេទសុក្រំ មានចំនួនច្រើនដុំ និងសន្លឹក និងបានហៅម្ចាស់រថយន្តដឹកឈើនេះ ឲ្យចូលខ្លួនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការសាកសួរ ជុំវិញការដឹកជញ្ជូនឈើ ធ្វើជំនួញល្មើសនឹងច្បាប់រដ្ឋនោះ។

សេចក្តីរាយការណ៍ពីទីតាំងបង្ក្រាបឈើនោះ បានឲ្យដឹងថា នៅក្នុងសកម្មភាពបង្ក្រាបឈើនោះ កម្លាំងសមត្ថកិច្ច និងម្ចាស់រថយន្តដឹកឈើ បានប៉ះសម្តីគ្នាមួយប្រាវ ដោយសារម្ចាស់ឈើ បើកទ្វាររថយន្តផ្នែកខាងក្រោយ មានបំណងទម្លាក់ឈើចុះ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការហាមឃាត់ មិនឲ្យទម្លាក់ឈើចុះពីលើរថយន្តនោះទេ។

នៅក្នុងស្ថានភាពតានតឹងបែបនេះ កម្លាំងរដ្ឋបាលព្រៃឈើ បានរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ខណៈនោះ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះចាប់រថយន្តដឹកឈើនោះ បញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងបានហៅម្ចាស់រថយន្តមកជាមួយផងដែរ ដើម្បីឲ្យមន្ត្រីជំនាញព្រៃឈើ ធ្វើការសួរនាំជុំវិញការដឹកជញ្ជូនធ្វើជំនួញដោយខុសច្បាប់នោះ។

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីចំនួនឈើ ដែលផ្ទុកនៅក្នុងរថយន្តសាំងយ៉ុង ១គ្រឿងនោះ នៅឡើយទេ ព្រោះត្បិតសមត្ថកិច្ចជំនាញ មិនទាន់បានធ្វើការរាប់ចំនួន និងវាស់វែងនៅឡើយ៕ដោយ៖ឡុង សំបូរ