ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៧ ឆ្នាំ២០២៣

0

តាកែវ៖ នៅព្រឹកថ្ងៃសៅរិ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣នេះ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី០៧ ឆ្នាំ២០២៣ ដែលសម្រេចទៅដោយលទ្ធផលយ៉ាងត្រចះត្រចង់។
អញ្ជើញចូលរួមនាឱកាសនោះដែរ មានវត្តមាន លោក សាន្ត ឡូសូ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ លោក នាង សំណាង អភិបាលរងស្រុកបូរីជលសារ រួមនឹងលោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស ប្រជាពលរដ្ឋសរុបប្រមាណជាង៥២៣នាក់ ។

មានប្រសាសន៍ថ្លែងនៅចំពោះមុខសមាជិក សមាជិការ បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក អ៊ុក សំនៀងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគបានសំដែងក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា អោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីធានាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍកាន់តែខ្លាំបន្ថែមទៀត នៅក្នុងមូលដ្ឋានរបស់យើង។

លោកបន្តថាលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧កន្លងមកនេះឃើញថាក្នុងមូលដ្ឋានឃុំជ័យជោគ របស់យើងទទួលបានជោគជ័យគួរជាទីមោទនៈរហូតទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងស្រុកបូរីជលសារ និងលេខ៦ ទូទាំងខេត្តតាកែវ ដែលមាន១០០ឃុំ-សង្កាត់។ នេះជាសក្ខីភាពមួយបង្ហាញពីការស្រលាញ់ និងជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា ។
លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សឃុំជ័យជោគបានបញ្ជាក់ថាគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន  ជាប្រធានគណបក្សបានដាក់ចេញ គោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍជាតិអោយមានការរីកចម្រើន និងជួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ និងត្រូវបានប្រកាសជាផ្លូវការ ដែលតែងតាំង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្រ្តីថ្មីបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមនឹងដឹកនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញ៕