ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារអប់រំចិត្តសាស្ត្រ និងការប្រកាសចាត់តាំងកងកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  អន្តរជាតិ ក្នុងតំបន់ និងផ្ទៃក្នុងប្រទេស ព្រមទាំងផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រនិងប្រកាសចាត់តាំងកងកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច ស្ដីពីការចាត់តាំងនាយទាហាន នាយទាហានរង និងពលទាហានចំនួន១៥០នាក់ ជាកម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងអន្តរាគមន៍ដោះស្រាយសភាពការណ៍ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំតាមបទបញ្ជារបស់ថ្នាក់លើ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍ អន្តរជាតិមួយចំនួន មានដូចជាបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សភាពការណ៍ក្នុងតំបន់  និងបញ្ហាវិបត្តិជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅប្រទេសថៃ ព្រមទាំងសភាពការណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនេះដែររាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែម ទៀត ។

ឧត្តមសេនីយ៍ទោនសោម ស៊ុន បានបញ្ជាក់ថាយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវការពារឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលនិងនៅអាណត្តិបន្តបន្ទាប់ទៀត ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានប្រកាសកែសម្រួលរៀបចំជាថ្មីនេះ ត្រូវត្រៀមបម្រុងនូវគ្រប់មធ្យោបាយ សម្ភារៈ និងការងារធានាផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា ត្រៀមចល័ត្នអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលានិងមានប្រសិទ្ធភាពផងដែរ ៕