ខេត្តព្រះវិហារ៖ កម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃឆែប-ព្រះរការ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ ក្រោមការដឹកនាំសម្របសម្រួលការបង្ក្រាប និងរឹបអូសឈើជាង ២ម៉ែត្រគូបត្រីគុណ ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
នាយកដែនជម្រកសត្វព្រៃឆែប-ព្រះរការ លោក យ៉ាន់ ប៊ុនសឿង បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះប្រមូលឈើ ដែលសន្និធិល្មើសច្បាប់ ពី(អញ្ញាតជន)ដែលដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង នាពេលនោះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានឈើ ប្រភេទឈើផ្ចឹកឧត្តម សរុបចំនួន ២ម៉ែត្រគូបត្រីគុណ ២១៦ ។
លោក យ៉ាន់ ប៊ុនសឿង បានបញ្ជាក់ថា ឈើដែលត្រូវបានសមត្ថកិច្ចប្រមូលយក ពីកន្លែងសន្និធិដោយគ្មានលិខិតអនុញ្ញាតនោះ ឈើទាំងអស់ត្រូវបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការបរិស្ថានអូរកក់ជាបណ្តោះអាសន្ន ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី៕ដោយ៖ឡុង សំបូរ