ក្រុមហ៊ុនធំពីរបានចុះកិច្ចព្រមព្រៀង សន្យាទិញស្រូវសរីរាង្គជាង ២ពាន់តោន ពីសហគមន៍កសិកម្ម នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ នឹងទទួលបានប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពកាន់តែប្រសើរ បន្ទាប់ពីបានលក់ស្រូវប្រមាណជាង ២ពាន់តោន ជូនក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ក្រោយចុះកិច្ចព្រមព្រៀង និងការសន្យាទិញស្រូវសរីរាង្គ ដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥ពាន់ ៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកចំនួន៧ នៃខេត្តព្រះវិហារ ហើយទស្សនៈវិស័យរបស់សហភាពសហគមន៍ គឺ “កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធូរធាររស់នៅ ប្រកបដោយភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ”។

លោក ពឹង ទ្រីដា បានបន្តថា សម្រាប់ពិធីចុះហត្ថលេខានាពេលនេះ គឺក្រុមហ៊ុន ហ្គោលដិនរ៉ាយស៍ នឹងទទួលទិញស្រូវសរីរាង្គចំនួន ១ពាន់ ២០០តោន ពីសហគមន៍កសិកម្ម ចំនួន ០៧ ដែលមានអ្នកផលិត ១ពាន់គ្រួសារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងទទួលទិញស្រូវ សរីរាង្គ ប្រភេទស្រូវ ស ប្រមាណ ១ពាន់តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នកផលិត ៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែម លើបរិមាណដែលបានចុះហត្ថលេខា កាលពីខែមិថុនា២០២៣ កន្លងទៅថ្មីៗនេះ។

អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា លោកឧកញ៉ា សុង សារ៉ន បានថ្លែងឲ្យដឹងថា ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។ ទន្ទឹមនេះលោក៉កញ៉ា ក៏បានប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការផ្សព្វផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោក ឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្ដរជាតិ។

លោកឧកញ៉ា សុង សារ៉ន បានទទូចស្នើសុំដល់កសិករផលិតស្រូវទាំងអស់ សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាងណាត្រូវគោរពទៅតាមគោលការណ៍ នៃកិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គឲ្យបានល្អប្រសើរជានិច្ច។

អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់ នៅក្នុងក្របខណ្ឌកសិកម្មតាមកិច្ចសន្យា ដែលអាចចាត់ទុកថា ជាខ្សែបន្ទាត់ ឬជានីតិវិធី សម្រាប់ឱ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នា ឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ។

លោក អ៊ុក គឹមសាន​ បានបញ្ជាក់ថា ការខិតខំនេះដោយឈរលើគោលការណ៍សំខាន់ៗ ៣ គឺ៖ ការធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យវិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ ក្លាយទៅជាកសិកម្មបែបសរីរាង្គ ចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បីសម្រេចបាននូវគោលនយោបាយ ជំរុញផលិតកម្មស្បៀង និងការនាំចេញរបស់ រាជរដ្ឋាភិបាលកម្ពុជា ជួយបង្កើននូវកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា៖ ការបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣នេះ ខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន ១០ម៉ឺន ៥៩ (១០០,០៥៩) ហិកតា និងផ្ទៃដីដែលបានព្រួស ស្ទូង និងបុកដាំ មានចំនួន ១០ម៉ឺន ៣០១(១០០,៣០១) ហិកតា លើផែនការ ៩៩ពាន់ ៨១៧ហិកតា ស្មើនឹង ១០០,៤៨ភាគរយ នេះបើតាមបញ្ជាក់ពីមន្ទីរកសិកម្មខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ