រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១» ដែលជាគោលនយោបាយស្នូល និងបានដាក់ចេញនូវការងារចាំបាច់ និងអាទិភាពមួយចំនួនទៀត ដែលនឹងត្រូវអនុវត្តន៍ក្នុងអាណត្តិការងារដំបូងរបស់ខ្លួនផងដែរ។
កម្មវិធីចាំបាច់ដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសដាក់ចេញ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនោះ គឺ ការធានាចំនួន៥ កម្មវិធីនយោបាអាទិភាពចំនួន៦ និងដោះស្រាយបញ្ហាប្រឈមអាទិភាពចំនួន ៥ចំណុច។
ការធានា ៥យ៉ាងនោះ គឺ ១-ធានាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព, ២-ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា, ៣-ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន, ៤-ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត និងទី៥-ធានាបង្កើនការយកចិត្តទុកដាក់ ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖ ១-ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល, ២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ,៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និងគ្រាមានគ្រោះអាសន្ន ,៤-ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ ,៥-ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង ៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
ដោយឡែក បញ្ហាប្រឈមអាទិភាចំនួន៥ ដែលត្រូវដាក់ចេញវិធានការគន្លឹះសម្រាប់ដោះស្រាយនោះរួមមាន៖ រដ្ឋបាលសាធារណៈ, សេវាសុខាភិបាល, អប់រំ, ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌។
+ សេចក្តីលំអិតលើការធានាទាំង៥យ៉ាង៖ ១-ការធានាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស, ព្រមទាំងការការពារឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬ បំផ្លាញបានឡើយ។ ២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពសវាសាធារណៈ, ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌, ការបន្តផ្តល់អាទិភាពខ្ពស់ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យសុខាភិបាល, ការលើកកម្ពស់ និងការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង ទាំងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន, ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន, ការបង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និងការកែលម្អក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែក ជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ និងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និងសេដ្ឋកិច្ច។ល។ ៣-ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និងប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និងជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើនសេដ្ឋកិច្ច និងលទ្ធភាពនៃថវិកាជាតិ ។ល។ ៤-ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ និង ៥-ការធានាបង្កើនការយកចិត្តទុកដាក់ ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់នៃប្រជាសាស្ត្ររបស់កម្ពុជា, ការលើកកម្ពស់សមភាពយេនឌ័រ, ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព, ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង, ការជំរុញការវិនិយោគសាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប និងការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ។
+ សេចក្តីលំអិតពីការដោះស្រាយបញ្ហាប្រឈមអាទិភាពទាំង៥ គឺ ៖ ១-ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ៖ ផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្ដែង រួមមាន៖
+១-ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និងប្រសិទ្ធភាព; ២- ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ, សីលធម៌ វិជ្ជាជីវៈ,ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង ៣-ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព។
+២-ការលើកកម្ពស់គុណភាពអប់រំ៖ ផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្ដែង រួមមាន៖ ១-ការពង្រឹងអភិបាលកិច្ចសាលា, ២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា-អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» Public-Community Partnership for Education (PCPE)។
+៣-ការលើកកម្ពស់គុណភាពសេវាសុខាភិបាល៖ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែងរួមមាន ៖ ១-ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការ ពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលបានការបណ្តុះបណ្ដាលត្រឹមត្រូវ, ការផ្គត់ផ្គង់ឱសថ, សម្ភារបរិក្ខា និងការបំពាក់ឧបករណ៍ពេទ្យ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឌីជីថល, ២-អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជន ឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារសា្ថប័ន និង ៣-កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
+៤-ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ផ្តោតl;ការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
+៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៖ ផ្តោតលើការយកចិត្តទុកដាក់ ជាពិសេសលើកិច្ចការជាអាទិភាពសំខាន់ចំនួន៣ គឺ៖ ១-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ២-ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និង ៣-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព, សុច្ចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕ s/b