ឯកឧត្តម ថា យ៉ាវ ផ្ដល់រង្វាន់លើកទឹកចិត្តដល់មេបក្សឃុំក្រុមប្រឹក្សាឃុំភូមិ ដែលមានស្នាដៃល្អ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោក ឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថា យ៉ាវ តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកស្ទោងបានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់រង្វាន់លើកទឹកចិត្តដល់លោកមេបក្សឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ មកពីគណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃល្អក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោក ឈឹម ចន្ទកុសល ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់អ្នកតំណាងរាស្ត្រនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោងតែងតែមានការនឹករលឹកនិងយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព របស់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋាន។

លើសពីនេះលោក ឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីសមាជិកសមាជិកាជាពិសេសក្រុមការងារគ្រប់មូលដ្ឋានគ្រប់ឃុំ ដែលបានខិតខំចុះជួប និងប្រមូលបញ្ហាហើយបានដោះស្រាយយ៉ាងទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋបានធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ។ ការសម្ដែងនូវការសាទរយ៉ាងក្រៃលែងដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជកម្ពុជានីតិកាលទី៧ ដែលទទួលបាននូវការគាំទ្រ និងប្រោសព្រះរាជទានតែងតាំងពីអង្គព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។

គួរបញ្ជាក់ផងដែរថា ថវិកាត្រូវប្រគល់ដល់លោកមេបក្សឃុំទាំង១៣ឃុំ ក្នុង១នាក់ទទួលបាននូវទឹកប្រាក់ចំនួន១៥០.០០០រៀល លោក លោកស្រីក្រុមប្រឹក្សាឃុំ៤៩នាក់ ក្នុង១នាក់ទទួលបានទឹកប្រាក់១០០.០០០រៀល លោកលោកស្រីមេភូមិ/អនុភូមិសមាជិកភូមិចំនួន៨១នាក់ ដែលទទួលបានស្នាដៃល្អលើសពី៧០% ឡើងក្នុងមួយភូមិទទួលបាន៤៥០.០០០រៀល និងភូមិដែលទទួលបានស្នាដៃក្រោម៧០%ទទួលបាននូវថវិកាលើទឹកចិត្តចំនួន៣០០.០០០រៀលផងដែរ។