ខេត្តកំពង់ធំ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក នៅក្នុងហេតុការណ៍ដែលបានកើតឡើងនៅម៉ោងប្រមាណជាង ៣រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។
ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕ដោយ៖ឡុង សំបូរ