មន្ត្រីបុគ្គលិកនិងគ្រូបង្រៀននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ១.០៩១នាក់លើ៦.៧២១នាក់ឬជិត១/៧ ទទួលការបំពាក់គ្រឿងឥស្សរិយយសការងារ

0

បន្ទាយមានជ័យ៖ មន្ត្រី បុគ្គលិកនិងគ្រូបង្រៀននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ១.០៩១នាក់លើ៦.៧២១នាក់ឬជិត១/៧ទទួលការបំពាក់គ្រឿងឥស្សរិយយសការងារនាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីមួយនាសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។
នេះជាការផ្តល់ជូនគ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំទ្រង់ទ្រាយធំលើកទី២ ដែលលើកទី១ ធ្វើឡើងនៅពេលលោកបណ្ឌិតសភាចារ្យបានឡើងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាដើមអាណ្តិទី៦ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្នុងឆ្នាំសិក្សា២០២២-២៣ នេះ គ្រឹះស្ថានសិក្សាសាធារណ:ទូទាំងខេត្តបន្ទាយមានជ័យមានចំនួន៨២១កន្លែង មានបុគ្គលិកសិក្សាចំនួន៦.៧២១នាក់/ស្រី៣.៤៤០នាក់ ។
សិស្សសរុបចំនួន១៦៦.៩១៩នាក់/ស្រី៨៣.៨៣៣នាក់ ។ក្នុងនោះមត្តេយ្យសិក្សាមាន៣២៧កន្លែង បឋមសិក្សា៤១០កន្លែង អនុវិទ្យាល័យមាន៥៤កន្លែង វិទ្យាល័យមាន៣០កន្លែង ។គ្រឹះស្ថានសិក្សាឯកជនទូទាំងខេត្តមាន១៤៤កន្លែង (មត្តេយ្យដល់វិទ្យាល័យ)មានសិស្សសរុបចំនួន២៥.៦៣៤នាក់ /ស្រី១២.៤៨០នាក់ ។គ្រឹះស្ថានឧត្តមសិក្សាទូទៃងខេត្តមាន៤កន្លែង មានបុគ្គលិកផ្ទាល់បម្រើការចំនួន១៩១នាក់ /ស្រី៦៣នាក់ មាននិស្សិតចំនួន៧.៥៤១នាក់ /ស្រី៤.៤២០នាក់ ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានសិស្ស និស្សិតចំនួន៧២៦នាក់/ស្រី២២៩នាក់ និងមានបុគ្គលិកផ្ទាល់៣១នាក់/ស្រី១០នាក់ ។
លោកលី សុវណ្ណារឹទ្ធិ បានបន្តថា : លទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ : បេក្ខជនប្រឡងជាប់ចំនួន៣.៩០១នាក់/ស្រី២.៣៥៦នាក់ ស្មើនឹង៦៩.២៩% /ស្រី៧៥,៧១%។ក្នុងនោះនិទ្ទេសA ចំនួន៤៩នាក់/ ស្រី២៥នាក់ ហើយទទួលអំណោយរង្វាន់ពីលោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ពីលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកអ៊ុំ រាត្រី អភិបាលខេត្ត ។
គិតត្រឹមខែសីហាឆ្នាំ២០២៣ សម្តេចតេជោហ៊ុន សែន បានផ្តល់អគារសិក្សាចំនួន២១៦ខ្នងស្មើនឹង១.៧១៨បន្ទប់ ម៉ាស៊ីនដេរ៣៧០គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១១គ្រឿង ម៉ាស៊ីនព្រីនធ័រ២០គ្រឿងនិងកុំព្យួទ័រចំនួន១១៤គ្រឿង ។
លោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ផ្តល់អគារសិក្សា បណ្ណាល័យ/ទីចាត់ការ /ផ្ទះគ្រូ សរុប៨៤ខ្នង ស្មើនឹង៤១៥បន្ទប់ ។ក៏មានផ្តល់អារហាររូបករណ៍ ការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដទៃទៀតក្នុងបំណងអោយសិស្ស និស្សិតទទួលបានការសិក្សាមានចំណេះជំនាញនិងអនាគតល្អ ។

នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យ្វជននិងកីឡាខេត្តបន្ទាយមានជ័យក្នុងការរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំទាំងបួនដំណាក់កាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

លោកបណ្ឌិតសភាចារ្យបានបន្តថា :សមិទ្ធផលរយៈពេល ១០ ឆ្នាំ ដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានពីការអនុវត្តកំណែទម្រង់វិស័យអប់រំ ហើយដាក់ជូនអង្គសន្និបាតអប់រំឆ្នាំ២០២៣ នាខែមេសាកន្លងមកគឺអាស្រ័យដោយយើងមានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើវិស័យអប់រំ ហើយបានចាត់ទុកវិស័យអប់រំជាការងារអាទិភាពមួយ សម្រាប់ការអភិវឌ្ឍសង្គមជាតិ។

បើយោងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក៏ដូចជាកម្មវិធីកំណែទម្រង់វិស័យអប់រំ ៤ដំណាក់កាលគឺ៖
– ដំណាក់កាលទី១ កំណែទម្រង់ថ្នាក់ជាតិមាន ៨ ចំណុច នៅឆ្នាំ២០១៤៖
⁃ ដំណាក់កាលទី២ កំណែទម្រង់កម្រិតសាលារៀនមាន ១៥ ចំណុច ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨
⁃ ដំណាក់កាលទី៣ កំណែទម្រង់ការកសាងប្រព័ន្ធនិងអភិវឌ្ឍធនធានមនុស្ស ឈរលើសសរស្តម្ភ៥ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២,
⁃ និងដំណាក់កាលទី៤ កំណែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ២០២២ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានបន្ថែមថា : រាជរដ្ឋាភិបាល បានផ្តល់អាទិភាពដល់ការដំឡើងបៀវត្សដល់បុគ្គលិកអប់រំ ដែលមកទល់ពេលនេះ បៀវត្សមន្ត្រីអប់រំបានកើនទ្បើងជិត ៣ដង។ ម៉្យាងវិញទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកផ្តល់បៀវត្សដល់បុគ្គលិកអប់រំ និងបើកផ្តល់ថវិកាដំណើរការសាលារៀន តាមប្រព័ន្ធធនាគារទៀតផង។
ចុងក្រោយលោកបណ្ឌិតសភាចារ្យ បានបំពាក់ដោយផ្ទាល់គ្រឿងឥស្សរិយយសការងារជូនមន្ត្រី បុគ្គលិកនិងគ្រូបង្រៀនទាំងចំនួន១.០៩១នាក់ ដើម្បីជាកិត្តិយសនិងថតរូបអនុស្សាវរីយ៍ ៕ដោយ៖ឃិន គន្ធា