អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល សួរសុខទុក្ខ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងប្រគល់ប័ណ្ណសរសើរលើកទឹកចិត្ត ជូនសិស្សានុសិស្សដែលមានលទ្ធផលសិក្សាល្អ នៅវិទ្យាល័យហ៊ុន សែន រុងរឿង នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅចំពោះមុខលោកគ្រូ អ្នកគ្រូមសិស្សានុសិស្សនិងអាណាព្យាបាលនៅក្នុងឱកាសនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវត្រូវ ខិតខំសិក្សារៀនសូត្រប្រកបដោយគុណភាព ជាមនុស្សដែលមានទទួលបាននូវចំណេះដឹងពិតប្រាកដ ទាំងការខិតខំសិក្សារៀនសូត្រនៅក្នុងសាលារៀន ការសិក្សាស្វ័យសិក្សាស្រាវជ្រាវនៅតាមគេហដ្ឋាន ជាពិសេសគឺការសិក្សាស្រាវជ្រាវតាមប្រព័ន្ធឌីជីថល ដែលជាការឆ្លើយតបទៅនឹងបច្ចេកវិទ្យា៤.០។

ជាមួយនេះផងដែរ លោកសាយ គឹមឡម ក៏បានលើកទឹកចិត្តដល់ឪពុកម្ដាយ អាណាព្យាបាលសិ្សគ្រប់រូបត្រូវបង្កលក្ខណៈដែលបានបញ្ជូនកូនចៅឱ្យមករៀននៅសាលារៀន ជាពិសេសគឺការតាមដានការសិក្សារបស់កូនចៅ គ្រប់ស្ថានភាពដើម្បីងាយស្រួលក្នុងការឆ្លើយតបប្រសិនបើពួកគាត់មានការខ្វះខាតឬខ្វះចន្លោះដោយប្រការផ្សេងៗ សហការជាមួយនឹងលោកគ្រូអ្នកគ្រូ សាលារៀនក្នុងការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយលោកអភិបាលស្រុកស្ទោង ក៏បានបញ្ជាក់បន្ថែមថា មានតែសិស្សានុសិស្សខ្លួនឯងផ្ទាល់ទេ ដែលជាអ្នកកំណត់ជោគវាសនាអនាគតដ៏ត្រចះត្រចង់របស់ខ្លួន ដែលអាចធ្វើឱ្យខ្លួនក្លាយទៅជាទំពាំងស្នងឬស្សី ជាមនុស្សមានគុណភាព ជាអ្នកបន្តវេន សម្រាប់ជោគវាសនាអនាគតប្រទេសជាតិផងដែរ ជាពិសេសគឺនៅឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។