(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃស្រុកស្ទោង និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសធម៌ផ្តល់ជូនគ្រួសារដែលមានជីវភាពទីទ័លក្រខ្លាំង គ្មានដីលំនៅដ្ឋាន មិនមានផ្ទះសម្បែងរស់នៅ ដែលមានសមាជិកគ្រួសារចំនួន ០៧នាក់ រស់នៅក្នុងភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដែលប្តីឈ្មោះលោក លន់ ប៉ុន អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះ អេង ហាំ អាយុ៥៧ឆ្នាំ)។
ជាមួយគ្នានេះលោក សាយ គឹមឡម ជម្រាបដល់គ្រួសារដែលមានជីវភាពខ្វះខាតថា ថ្វីដ្បិតអំណោយ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួននៅក្នុងឱកាសនេះពិតជាអាចជួយដោះស្រាយជីវភាពគ្រួសាររបស់បងប្អូនបានមួយកម្រិត។ លោកអភិបាលស្រុក នៅតែបន្តជួយជ្រោមជ្រែងថែមទៀតក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានគឺនឹងខិតខំជួយដោះស្រាយ និងជ្រោមជ្រែងជីវភាពគ្រួសារគាត់ក៏ដូចជាគ្រួសារផ្សេងៗទៀតដោយមិនទុកឲ្យមានគ្រួសារណាមួយឬបុគ្គលណាមួយត្រូវបានដាច់ពោះស្លាប់ដោយសារអត់ស្បៀងអាហារ។ ជាពិសេសក្នុងនាមរាជរដ្ឋាភិបាលថ្មី ដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នេះ។
លើសពីរនេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ដែលជាអ្នកនៅជិតស្និទ្ធផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ សូមបន្តការតាមដាន និងយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសគ្រួសារដែលងាយរងហានិភ័យដែលមានជីវភាពទីទ័លក្រ។ ត្រូវនាំគ្នាមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងបាតុភូតភ្លៀងផ្គរ ខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគឺជំងឺឆ្លងដែលកំពុងតែរាតត្បាតនៅក្នុងរដូវវស្សានេះ។
គួរបញ្ជាក់ផងដែរថា អំណោយសប្បុរសធម៌ដែលចែកជូននៅក្នុងឱកាសនេះរួមមាន : គ្រឿងឧបភោគបរិភោគគ្រឿងរណ្ដាប់សម្ភារៈប្រើប្រាស់ និងថវិកា១.០០០.០០០រៀល ដែលជាអំណោយរបស់លោក សាយ គឹមឡម ផ្ទាល់និងព្រះមន្ត្រីសង្ឃស្រុកស្ទោងព្រមទាំងសហការី និងសប្បុរសជនផងដែរ។