សៀមរាប: នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» ក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងកែប្រែភាពអវិជ្ជមានផ្សេងៗដែលកើតមានតាមទីវត្តអារាម។
សិក្ខាសាលានេះ ប្រារព្ធក្រោមការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរៈ និមន្តមកពីវត្តអារាមចំនួន៦១ នៃវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងសហការី អាចារ្យ គណៈកម្មការវត្តអារាម សរុបប្រមាណ២០០អង្គ/នាក់។
នៅក្នុងសិក្ខាសាលាក៏មានបទបង្ហាញស្តីពី«វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» និងឱវាទណែនាំរបស់គណៈសង្ឃនាយក សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា។ លុះដល់ពេលរសៀល សិក្ខាសាលាទាំងមូលនឹងធ្វើដំណើរទស្សនកិច្ចរបស់អង្គសន្និបាតទៅកាន់វត្តពោធិ៍ពីរដើម វត្តគោកតាលន់ វត្តអង្គរ ខាងត្បូងនិងវត្តតាព្រហ្មមានជ័យដែរ៕