ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញប្រកាសឲ្យដឹងនៅថ្ងៃទី១កញ្ញានេះថា កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោល គឺចំណុចប្រុងប្រយ័ត្នត្រឹម៧៥.០០ម៉ែត្រ តែនៅព្រឹកនេះ ទឹកក្នុងអាងបានកើនឡើងដល់ទៅ៧៥.២៧ម៉ែតឯណោះ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងទៀតថា ចំពោះមូលហេតុនៃការកើនឡើងនៅកម្ពស់បែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា ពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។
យោងរបាយការណ៍មន្ទីរធនធាន និងឧតុនិយមនខេត្តស្ទឹងត្រែង បានបង្ហាញអំពីស្ថានភាពទឹកទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង ឲ្យដឹងថា ទន្លេមេគង្គកម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ នៅថ្ងៃ៣១សីហា ម្សិលមិញ ទឹកមានកម្ពស់៦.៨៤ម៉ែត្រ នៅព្រឹកថ្ងៃទី១កញ្ញា២០២៣នេះ ទឹកមានកម្ពស់ ៧.៣៤ម៉ែត្រ មានការកើនឡើង ០.៥០ម៉ែត្រ ,ទន្លេសេកុង កម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ១១.៥០ម៉ែត្រ នៅថ្ងៃទី៣១សីហា ម្សិលមិញ ទឹកមានកម្ពស់ ៦.១២ម៉ែត្រ និងនៅព្រឹកថ្ងៃនេះ ទឹកមានកម្ពស់ ៧.២៤ម៉ែត្រ មានការកើនឡើង ១.១២ម៉េត្រ ,ទន្លេសេសាន កម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ នៅថ្ងៃម្សិលមិញ ទឹកមានកម្ពស់ទឹក ៥.៩៧ម៉ែត្រ និងនៅព្រឹកថ្ងៃនេះ ទឹកមានកម្ពស់ ៦.២៧ម៉ែត្រ កើនឡើង ០.៣០ម៉ែត្រ និងទំនប់វារីសេសាន កម្ពស់ទឹកប្រុងប្រយ័ត្ន គឺ៧៥.០០ម៉ែត្រ កម្ពស់ទឹកក្នុងអាង ៧៥.២៧ម៉ែត្រ ធារទឹកហូរចូលអាង ៣៩៦៧m3/s ធារទឹកហូរចេញ ៤០៣០m3/s។
សូមបញ្ជាក់ផងដែរថា នាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញលិខិតជូនដំណឹង មកកាន់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនី ដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនៅខ្សែទឹកខាងក្រោម ដែលអាចការពារនូវភយន្តរាយផ្សេងៗ ដែលនឹងកើតឡើងជាយថាហេតុ៕ដោយ៖ឡុង សំបូរ