មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ៩គ្រួសារ នៅក្នុងក្រុងព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជន ៩គ្រួសារ ដែលមានជីវភាពក្រលំបាក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អំណោយដែលត្រូវចែកជូន សមាជិកសមាគមអតីតយុទ្ធជន ទាំង ៩គ្រួសារ នាពេលនោះ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ ភួយ ១ និង ថវិកា ២ម៉ឺនរៀល ផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងមានការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹក ដល់សមាជិកសមាគមអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ព្រោះត្បិតរដូវនេះជារដូវភ្លៀងធ្លាក់ និងត្រូវមើលថែទាំកុមារតូចៗកុំឲ្យលេងទឹក ក្រែងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ហើយសូមគាំទ្រឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  ដើម្បីដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ទៅមុខទៀត៕ដោយ៖ឡុង សំបូរ