(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ដាក់គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ដោយសម្រេចស្ថាបនាផ្លូវជាប្រភេទបេតុង និងកៅស៊ូ ដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុ និងរក្សានូវគុណភាព ជាពិសេសរួមចំណែកសន្សំសំចៃរថវិកាជាតិផងដែរ បើទោះបីជាធ្វើបានតិច តែគុណភាពប្រើប្រាស់បានយូរអង្វែង ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសលើទ្រូងផ្លូវ ក្នុងគោលបំណងចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ខេត្តប៉ៃលិន មានសណ្ឋានដីជាតំបន់ភ្នំ និងខ្ពង់រាប ហើយអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ដូច្នេះសម្រាប់ផ្លូវក្នុងខេត្ត បើសិនជាធ្វើខុសពីការចាក់បេតុង ឬ ក្រាលកៅស៊ូ នោះនឹងមានការជួសជុលរហូត ដែលនឹងត្រូវបាត់បង់ថវិកាជាតិច្រើនណាស់ និងចំណាយពេលថែទាំថែមទៀតផង ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវជាទូទៅ នៅពេលមានប្រើប្រាស់តែងតែរងការខូច និងត្រូវការជួសជុល ប៉ុន្តែដោយសារតែពិនិត្យឃើញទៅលើបញ្ហានេះ ថ្នាក់ដឹកនាំខេត្ត ទាំងគណៈអភិបាល ក្រុមប្រឹក្សាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គឺបានសិក្សារួមគ្នា ដោយសារកត្តាភូមិសាស្ត្រ និងធម្មជាតិមិនអំណោយផលទៅលើការសាងសង់ផ្លូវ ដែលយើងប្រើប្រាស់បានក្នុងតែរយៈពេលខ្លី ដូច្នេះរដ្ឋបាលខេត្ត នឹងមានគម្រោងរៀបចំឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន និងជនបទ ឱ្យមានលក្ខណៈល្អប្រសើរ ហើយប្រើប្រាស់ប្រកបដោយគុណភាពបំផុត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីទាក់ទាញទេសចរផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់យើង ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន