ពលរដ្ឋដែលរងគ្រោះដោយសារគ្រោះអគ្គីភ័យនៅស្រុកដំណាក់ចង្អើរ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកែប

0

ខេត្តកែប: សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ៖ នៅរសៀលថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា លោកស្រី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា អភិបាលរងខេត្ត ប្រធានក្រុមការងារចុះជួយភូមិរនេស សមាជិក សមាជិកា គណ:កម្មាធិការសាខា លោក ឆាង ឆៃ ប្រធានអនុគណៈកម្មាធិការសាខាស្រុកដំណាក់ចង្អើរ ក្រុមប្រឹក្សាឃុំ មេភូមិ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ   រងការខូចខាតទាំងស្រុង ករណីអគ្គិភ័យនេះ កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣ទៀបភ្លឺ ស្ថិតក្នុង ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង និងចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ប្រធាន បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះអគ្គីភ័យនេះ ដែលបណ្ដាលឲ្យបងប្អូន បាត់បង់នូវផ្ទះសំបែង ក៏ដូចជាទ្រព្យសម្បត្តិដែលខំរកមកយ៉ាងលំបាក ព្រោះនេះជាគ្រោះមហន្តរាយដែលមិនបានដឹងមុន គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាកថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើថា“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡេីយ” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សម្ភារៈដែលបានផ្តល់ជូនគ្រួសាររងគ្រោះទាំង៣គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន  ៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុទ្ធ១កេស ,កន្ទេល១ ,មុង១, តង់១,ធុងទឹក ១ និងថវិកាចំនួន ១លានរៀល ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានឧបត្ថម្ភដល់កម្លាំងប៉ូលីស ១លានរៀល,កម្លាំងកងរាជអាវុធហត្ថ ១លានរៀល និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ១លានរៀល ផងដែរ ៕ សេង ណារិទ្ធ