ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧គ្រួសារ បានទទួលអណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

 ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ សមាជិកឧបការីកាកបាទក្រហមកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧គ្រួសារ នៅតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវ បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ចំនួនមានកំណត់ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកជំទាវបន្តថា នេះជារដូវវស្សា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម និងថវិកា៤សែនរៀល។ ហើយលោកជំទាវ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១សែនរៀលផងដែរ សម្រាប់១គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណេះនេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ក៏បាននាំយកទេយ្យវត្ថុមួយចំនួនប្រគេនព្រះសង្ឃនៅវត្តមេជ្រៃ ផងដែររួមមាន៖ អង្ករ១៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកស៊ីអ៊ី១យួរ ទឹកត្រី១យួរ ស្ករស៥គីឡូក្រាម អំបិល៥គីឡូក្រាម និងថវិកា៤សែនរៀល។ ហើយលោកជំទាវ ក៏បានប្រគេនថវិកាផ្ទាល់ខ្លួនមួយចំនួនផងដែរ៕