(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ត្រួតពិនិត្យកងកម្លាំង ដែលកំពុងហ្វឹកហាត់បច្ចេកទេស និងការតម្រង់ស៊ីប ដើម្បីត្រៀមរៀបចំកម្មវិធីបាញ់ ស៊ីបគ្រាប់ពិតអាវុធAK47 នៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវេសេនីយទោ ថនស៊ី សក្កា មេបញ្ជាការវរសេនាតូចលេខ១ និងជាអនុគណៈកម្មការអចិន្រ្តៃយ៍គ្រប់គ្រងវគ្គហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពហ្វឹកហ្វឺន ដែលបានដំណើរការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល៦០ថ្ងៃកន្លងទៅ លើផែនការហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ តាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលមានកម្លាំងចូលរួមរៀនសូត្រចំនួន១០០ នាក់ និងមានគ្រូយោធាចារ្យ និងក្រុមបម្រើការចំនួន១០នាក់ សរុប១១០នាក់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាយោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំបង្រៀន និងរៀនសូត្រ តាមកម្មវិធីដែលបានដាក់ចេញ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ជាមួយនោះដែរបានកោតសរសើរដល់ក្រុមបម្រើការ ដែលបានរៀបចំ ចម្អិនអាហារ ដែលមានរស់ជាតិ និងមានអនាម័យ ជូនដល់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឹននាពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត ពិសេសចំពោះមុខនេះត្រូវយកចិត្តទុកដាក់ការហ្វឹកហាត់កាយវិការ នឹងបច្ចេកទេសនៃការប្រើប្រាស់អាវុធAK47 ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិតនៅពេលដ៏ខ្លីខាងមុខនេះ ឲ្យទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងគណៈកម្មការ គ្រប់គ្រងវគ្គហ្វឹកហ្វឺន បានត្រួតពិនិត្យកងកម្លាំងជាក់ស្ដែង ក្នុងកាយវិការ ប្រើប្រាស់អាវុធAK47 សម្រាប់ត្រៀមបាញ់ស៊ីបលេខ4A និងលេខ8 A តាមលក្ខណៈបច្ចេកទេស ដែលត្រូវគ្រោងប្រារព្ធពិធីបាញ់ស៊ីបគ្រាប់ពិតនៅពេលខាងមុខ ៕