ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ ២ខ្នង ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកកងមាស

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៥ និងផ្ទះទី១៦ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទ័លលំបាក ២គ្រួសារ នៅក្នុងស្រុកកំពង់សៀម ១គ្រួសារ និងស្រុកកងមាស ១គ្រួសារ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខចំពោះប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ:  តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ត្រូវសំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដេីម្បីការពារនូវជំងឺឆ្លងផ្សេងៗ លេីសពីនោះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គីភ័យ ដែលអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋាន ផងដែរ ។

គួរបញ្ជាក់ថា ស្រ្តីឈ្មោះ ញ៉ិល សុខនី អាយុ ៤៩ឆ្នាំ រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ឆ្នាំ ជាជនពិការភ្នែក និងជើង ដែលមិនអាចធ្វើការបាន។ ដោយឡែកស្ត្រីឈ្មោះ ឡុំ ស្រីតូច អាយុ ៣០ឆ្នាំ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី ១នាក់ អាយុ ៣ឆ្នាំ។  ដោយស្ថានភាពលំបាកបែបនេះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម × ៦ម) ជូន ២គ្រួសារនេះ ដែល ១ខ្នង មានតម្លៃប្រមាណជា ១០លានរៀល ។ ព្រមទាំងផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ ទាំង២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់ អាវយឺត ១២ , សាប៊ូដុំ សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ សរុបចំនួន ២២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕