កំពង់ចាម: លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និង លោកស្រី ប៉ាង ដានី ប្រធានប្រតិបត្តិសាខា ដឹកនាំសមាជិកា សមាគមនារីខេត្ត នាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តនាគវ័ន្តសាគរ (ហៅវត្តប៉ុកប៉ែន) ស្ថិតក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ពិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ជាសមាជិកព្រឹទ្ធសភា លោកស្រីសមាជិកា អនុសាខាសមាគមនារីស្រុក សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើននាក់ ផងដែរ ។
នាឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកថវិកា របស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ចំនួន ៤លាន ២៦ម៉ឺនរៀល និងប្រាក់ដុល្លារ ចំនួន ១.៦៣២ដុល្លារ សម្រាប់សាងសង់ព្រះវិហារ ។ ជាមួយនោះ បានប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ចំនួន ៧០ម៉ឺនរៀល ប្រគេនព្រះចៅអធិការវត្ត ២៤ម៉ឺនរៀល ព្រះសង្ឃចំនួន ៩អង្គ សរុបបច្ច័យ ៤៥ម៉ឺនរៀល ជូនតាអាចារ្យ ១០ម៉ឺនរៀល ។ ក្រៅពីនោះ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម សរុប ១០៣នាក់ ម្នាក់ៗ សារុង ១ និងឧបត្ថម្ភ ដល់កងកម្លាំង ថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ។
ឆ្លៀតក្នុងោកាសនោះដែរ ក្នុងនាមព្រះចៅអធិការវត្ត នាគវ័ន្តសាគរ(ហៅវត្តប៉ុកប៉ែន) ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងសហការី ព្រមទាំង ក្រុមគ្រួសារ ក៏ដូចជា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមសមប្រកបតែសេចក្ដីសុខចំរើន និងជួបប្រទះនូវពុទ្ធពរទាំង បួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គួររំលឹកថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។ អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកជាសាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាព ។ តាមទំនៀម បុណ្យចូលព្រះវស្សានេះដែរ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ៕