(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសម្រេចបានក្នុងរយៈពេល៩ខែ កន្លងទៅ មានជាអាទិ៍ ការដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងខេត្ត ។ បានបើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៧០គ្រួសារ បានទាន់ពេលវេលាមិនលើសពី៧ ថ្ងៃ ។ ហើយនៅពេលថ្មីៗកន្លងទៅនេះ តំណាងជាន់ខ្ពស់នៃប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានធ្វើការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនបានចំនួន ៣.៤៤៧នាក់ និងបានឧបត្ថម្ភថវិកាចំនួន៦៥.០០០ រៀលក្នុងម្នាក់ៗ ជូនបងប្អូនអតីតយុទ្ធជនយើងផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសេីរចំពោះក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ និងបានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិកា និងសម្ភារៈ ដើម្បីជួយដោះស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទូលថ្វាយស្នើសុំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជាលេីកទី២ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាយើង នឹងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានចំណាយថវិកាជួយឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនក្នុងពិធីទទួលបាននូវមេដាយការពារជាតិនេះផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបំពេញបន្ថែមលេីរបាយការណ៍លទ្ធផលការងាររយៈពេល៩ ខែ និងទិសដៅ ដែលត្រូវអនុវត្តន៍បន្ត ព្រមទាំងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលត្រូវអនុវត្តបន្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ៕