ប្រារព្វទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ក្រោមប្រធានបទ ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”

0

ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ចើញជាអធិបតីភាពក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”។

ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ នឹងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍នាឪកាសនោះ ឯកឧត្តម គីម រិទ្ធី ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឱ្យខេត្តព្រះវិហារ រៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយសំដៅសម្រេច ឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

ឯកឧត្តម ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។

ឯកឧត្តមបន្តថា ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្មតាមគ្រប់រូបភាព និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នកដែលមានសេដ្ឋកិច្ចទន់ខ្សោយជនបាត់បង់ឱកាស ពលរដ្ឋក្រីក្រ កុមារ យុវជន និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហាមួយចំនួននៅក្នុងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។សារលិខិតដដែលនេះលើកឡើងទៀតថា ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូបអាចយល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើនឱកាសក្នុងការកែលម្អគុណភាពនៃជីវិតមនុស្ស និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតផងដែរ។

ពោលគឺអក្ខរកម្ម បានជួយឱ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងនូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជម្រុញកំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងស្មារតីនេះដើម្បីបន្តការចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕