គ្រួសារទីទ័លក្រចំនួន៣៥គ្រួសារ ទទួលអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុកតាំងគោក និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន៣៥គ្រួសារ មកពី៧ភូមិ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាព ដោយបានលោកអភិបាលស្រុកតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គ ក្នុងការគៀងគរសប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍស្រុកតាំងគោកដោយមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ/ឃុំ/ស្រុក ធ្វើម៉េចចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋានតាមផ្ទះ។ ការចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគឺដឹងពីការលំបាក និងបញ្ហាប្រឈមព្រមទាំងសំណូមពរ ពីតម្រូវការទាំងឡាយរបស់បងប្អូន ដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ។

លោកអភិបាលស្រុកតាំងគោក ក៏បានបន្ថែមទៀតថា បងប្អូននៅឃុំពង្រពិតជាមានសំណាងដែលមានព្រះគ្រូមុនីសីលវង្សតុន ពិសី ព្រះអង្គតែងតែមានទឹកព្រះទ័យស្រណោះអាណិតលោកយាយ លោកតា ដែលមានជីវភាពលំបាក ព្រោះព្រះសង្ឃតែងតែមានសម្ភារៈ និងបច្ច័យ ដើម្បីជួយសម្រាលការលំបាក។ ជាងនេះទៅទៀត ព្រះសង្ឃបានដឹកនាំពុទ្ធបរិស័ទ្ធ និងសប្បុរសជនកសាងផ្លូវបេតុង និងដាំបង្គោលភ្លើងនៅតាមផ្លូវដើម្បីបំភ្លឺ ជាពិសេសសមិទ្ធផលជាច្រើននៅក្នុងឃុំ ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក មានមតិផ្ដាំផ្ញើដល់បងប្អូនប្ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ទៅលើក្មេងតូចៗ ពីបញ្ហាគ្រុនឈាម ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់សំបូរដោយសត្វមូស។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន៣៥នាក់ ក្នុង១នាក់ទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ឃីត ០១កញ្ចប់ ទឹកបរិសុទ្ធ០១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕