ខេត្តព្រះវិហារ៖ យោធិននៅគ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមបរិច្ចាកឈាមជូនដល់ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ សម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុផ្សេងៗ ក៏ដូចមនុស្សទូទៅនៅក្នុងសង្គម ដែលត្រូវការឈាមជាចាំបាច់។
នៅក្នុងពិធីបរិច្ចាកឈាមដែលបានធ្វើឡើង ក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់) នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី៩កញ្ញា២០២៣ ចុងសប្តាហ៍មកនេះ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញជាគណៈអធិបតី ក្រោមការស្វាកមន៍ពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ដ សរុប ២០០នាក់ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ដាស់តឿនដល់យោធិនទាំងអស់ ឲ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីលើកម្ពស់វិស័យមនុស្សធម៌ សង្គមធម៌ និងការផ្តល់ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ទៅដល់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុផ្សេងៗ និងមនុស្សជាតិទូទៅនៅក្នុងសង្គម។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា នៅក្នុងការបរិច្ចាគឈាមរបស់ យោធិនទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃសៅរ៍កន្លងមកនេះ លទ្ធផលប្រមូលបានឈាម ចំនួន ៧៥សាក់ សម្រាប់ផ្តល់ជូនមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ពិធី «បរិច្ចាកឈាមដោយស្ម័គ្រចិត្ត» ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដី ស្រលាញ់” នាពេលនេះ បានបង្ហាញឲ្យឃើញ ពីការចេះស្រឡាញ់គ្នា និងចេះជួយគ្នានៅក្នុងគ្រាមានអាសន្ន ដែលនេះជាទឹកចិត្តដ៏មុតស្រួចរបស់ យោធិនទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា មកដល់គ្រាបច្ចុប្បន្ន ខេត្តព្រះវិហារ មានបណ្ដាញផ្ដល់ឈាមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនមន្ទីរពេទ្យបង្អែកខេត្ត និងមាន លទ្ធភាពផ្គត់ផ្គង់ឈាម ដល់បណ្ដាខេត្តផ្សេងៗទៀត ផងដែរ។ លោកថា កាលពីពេលកន្លង មក ខេត្តព្រះវិហារ គឺជាខេត្តខ្វះឈាម តែក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីមានការចូល រួមបរិច្ចាកឈាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ តាមរយៈ «យុទ្ធនាការការផ្ដល់ឈាមប្ដូរវេន» តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្ត ជាបន្ដ បន្ទាប់ បានធ្វើឱ្យខេត្តព្រះវិហារ ជាខេត្តដែលមានឈាមគ្រប់គ្រាន់ ហើយលើសពីនេះ ក៏អាចផ្គត់ផ្គង់ដល់បណ្ដាខេត្តផ្សេងៗ បានថែមទៀតផង។
លោក គីម រិទ្ធី បានថ្លែងចាត់ទុក ការចូលរួមផ្តល់ឈាមពីអ្នកស្ម័គ្រចិត្ត ជាពិសេស យោធិនទាំងអស់ នាពេលនេះ គឺជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» រីឯការផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់ មន្ទីរពេទ្យខេត្ត ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពី កត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់។
គួរបញ្ជាក់ថា គ្រូពេទ្យជំនាញខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា អ្នកបរិច្ចាគឈាម គឺនឹងទទួលបានការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយលក្ខខណ្ឌនៃការផ្តល់ឈាម គឺ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះ ចំពោះស្ត្រីអាចផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង។ ចំណែក បុរសអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៣ខែម្តង ៕ដោយ៖ឡុង សំបូរ