អភិបាលស្រុកតាំងគោក និងប្រធានក្រុមប្រឹក្សាស្រុក ចុះចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ចំនួន២០គ្រួសារ

0

កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាបានចុះចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន២០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ ត្រីខ០១យួរ និងឃីត១ឈុតធំ ស្ថិតនៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកអភិបាលស្រុកតាំងគោក ក៏បានដាស់តឿន និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិ/ឃុំ/ស្រុក ធ្វើយ៉ាងណាចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមផ្ទះ ចង់ដឹងពីការលំបាក បញ្ហាប្រឈម សំណូមពរ និងតម្រូវការទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋដែលទាមទារឱ្យដឹងពីគ្រួសារងាររងគ្រោះ ដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ ជូនដល់ពួកគាត់ទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃលទ្ឋិប្រជាធិបតេយ្យ និងជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យក្នុងមូលដ្ឋានមានទឹក ភ្លើង ផ្លូវ និងប្រព័ន្ធធារាសាស្រ្ត សម្រាប់ឱ្យបងប្អូនប្រជាកសិករធ្វើស្រែបានគ្រប់រដូវ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ និងមេភូមិ ដែលធ្វើការ និងរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យបានល្អ និងឆាប់រហ័ស ជាពិសេសចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់៕