បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំប្រុងប្រៀបការរៀបចំបាញ់ស៊ីបគ្រាប់ពិត និងពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ដើម្បីប្រុងប្រៀបការរៀបចំកិច្ចការធានាផ្សេងៗ សម្រាប់ដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 និងប្រុងប្រៀបពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការហ្វឹកហ្វឺនរៀនសូត្រ ដែលមានរយៈពេលជាង២ខែកន្លងទៅរួចមកហើយលើផែនការ ត្រូវហ្វឹកហ្វឺនរៀនសូត្រ ដែលបានគ្រោងទុកមានរយៈពេល៣ខែ ដូច្នេះអង្គភាពនឹងត្រូវរៀបចំបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK47  និងពិធីបិទវគ្គ ដែលមានសិក្ខាកាមហ្វឹកហ្វឺនរៀនសូត្រចំនួន១០០នាក់ និងក្រុមគ្រូយោធាចារ្យ រួមទាំងក្រុមបម្រើការមានចំនួន ១០នាក់ សរុប១១០នាក់ ដែលនឹងត្រូវរៀបចំពិធីនៅពេលខាងមុខនេះ នៅទីបញ្ជាការកង វរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថាដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរៀនសូត្រប្រចាំឆ្នាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តម្រូវឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដំណើរការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីបំប៉ន និងពង្រឹងសមត្ថភាពប្រយុទ្ធ និងការបំពេញភារកិច្ចរបស់យោធិន ស្របតាមកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងវគ្គក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រតាមកម្មវិធី ដែលបានគ្រោងទុកទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចមួយចំនួន ជូនដល់គណៈកម្មការគ្រប់គ្រងវគ្គ មេបញ្ជាការអង្គភាពការិយាល័យ និងស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 នៅពេលខាងមុខតាមភារកិច្ចរៀងៗខ្លួន ឱ្យទទួលបានសុវត្ថិភាព និងលទ្ធផលល្អ ហើយនឹងត្រូវត្រួតពិនិត្យបណ្ដាកិច្ចការធានាផ្សេងៗ បម្រើឲ្យការបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំ ឆ្នាំ២០២៣ តាមផែនការ ដែលបានគ្រោងទុកឲ្យទទួលបានជោគជ័យ ៕