ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានចុះឡោមព័ទ្ធទីតាំងបើកល្បែងមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជនជាតិខ្មែរ និងចិនចំនួន ៨នាក់ ព្រមទាំងដកហូតបៀ ៦ហ៊ូ ទូស័ព្ទ និងប្រាក់រៀលជាង ៣លានរៀល នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភ្នំរំដេងលើ ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរទម ស្រុករវៀង ខេត្តព្រះវិហារ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង ក្រោមការសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធលំនៅដ្ឋានមួយកន្លែង ដែលលេងល្បែងស៊ីសងខុសច្បាប់ ឈ្មោះ ស៊ឹម ស៊ីដា ភេទស្រី ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ ។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា នៅក្នុងពេលចុះបង្ក្រាបល្បែងស៊ីសងនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រព្រឹត្តល្បែងបាន ៨នាក់ ស្រី ៤នាក់ ក្នុងនោះបុរសជនជាតិចិន ៤នាក់ ដកហូតបៀ ៦ហ៊ូ ទូរស័ព្ទ ៨គ្រឿង និងប្រាក់រៀល ៣លាន ៨ម៉ឺន ១០០រៀល ផងដែរ។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលេងល្បែងស៊ីសងល្មើសច្បាប់ ទាំង ៨នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ និងនៅខណៈនេះ ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងស្ថិតក្រោមការគ្រប់គ្រង រក្សាទុក និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ