ភ្នំពេញ ៖ បុរសម្នាក់ត្រូវមិត្តភក្តិដែលអង្គុយផឹកស៊ី ជាមួយគ្នាបានយកកាំបិតដេញកាប់ហើយវាយនិងស្នាប់កាំភ្លើងបណ្តាលរងរបួសហូរឈាមស្រោចខ្លួន ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី ០៨ តុលា ២០១៤ នៅចំណុចក្រុមទី១៥ ភូមិ១២ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។
ប្រភពព័ត៌មានព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងជនសង្ស័យរួមជាមួយមិត្តភក្តិ៣នាក់ទៀតបានអង្គុយផឹកស៊ីជុំគ្នា មួយសន្ទុះក្រោយមកមិនដឹងជាមានរឿងអ្វីនោះទេ ស្រាប់តែបុរសរងគ្រោះត្រូវមិត្តិភក្តិរបស់ខ្លួនដែលគេស្គាល់ថាជាមន្ត្រីប៉ូលិស អង្គុយផឹកស៊ី ជាមួយគ្នាបានទាញកាំបិតដេញកាប់ទៅលើបុរសរងគ្រោះបណ្តាលឱ្យមុតហូរឈាមស្រោចខ្លួន ។ ខណៈនោះបុរសរងគ្រោះបានរត់ទៅចូលផ្ទះបងស្រីដែលបើកហាង អ៊ុតសក់ ចំណែកជនសង្ស័យបានរត់តាមពីក្រោយបុរសរងគ្រោះជាប់ រហូតតាមមកដល់មុខផ្ទះបងស្រីបុរសរងគ្រោះ។
ដោយសារតែខឹងនឹងជនសង្ស័យដែកកាប់មកលើខ្លួន ពេលនោះគេឃើញបុរសរងគ្រោះចូលទៅក្នុងផ្ទះបាយរបស់បងស្រីហើយទាញកាំបិតប័ុងតោ បំរុងដេញកាប់ជនសង្ស័យវិញតែមិនអាចទៅរួចដោយសារតែជនសង្ស័យបានដក កាំភ្លើងបាញ់គំរាមដែលធ្វើឱ្យបុរសរងគ្រោះមានអារម្មណ៍ភ័យតក់ស្លុតរត់គេចចូលទៅក្នុងផ្ទះបងស្រីវិញ ។ យ៉ាងណា ក៏ដោយជនសង្ស័យនៅតែតាមរករឿងបុរសរងគ្រោះដល់ទីបញ្ចប់ ដោយជនសង្ស័យបានកាន់កាំភ្លើងដើរចចូលទៅក្នុងផ្ទះបងស្រីជនរងគ្រោះ រួចចាប់ជនរងគ្រោះវាយ៣ទៅ៤ស្នាប់កាំភ្លើងបណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ។
ក្រោយពេលកើតហេតុបុរសរងគ្រោះបានទៅឡើងជិះម៉ូតូទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកសមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
គួរបញ្ជាក់ថារវាងជនរងគ្រោះនិងជនសង្ស័យគឺជាមិត្តភក្តិនឹងគ្នា ហើយមូលហេតុដែលនាំឱ្យមិត្តិភក្តិដេញកាប់និងយកស្នាប់កាំភ្លើងវាយទៅលើមិត្តភក្តិខ្លួនឯងបណ្តាលឱ្យរបួសធ្ងន់នៅពេលនេះមិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វី នោះទេ ដោយសារតែពុំមានអ្នកណាម្នាក់ចេញមុខប្រាប់ពីហេតុការណ៍នេះ។ តែមតិប្រជាពលរដ្ឋជាច្រើនបាននិយាយថាអំពើហិង្សានេះអាចបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី៕