កម្លាំងជំនាញចម្រុះបន្តចុះបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាបដែលប្រជានេសាទប្រើប្រាស់ឧបករណ៍ជាលក្ខណៈ

0

(កំពង់ធំ)÷ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផលគឺ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារព្រមទាំងសហការីបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចរាំងជ្រុំដល់វត្តកំពង់ចម្លង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបានចំនួន០២ករណី១.បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំង ប្រវែង១៥០០ ម៉ែត្រ ឡុកចំនួន០៩គ្រឿង លប/លូចំនួន០៩មាត់ បង្គោល ចំនួន៩៧០ដើម ហើយបានចាក់លែងត្រីស្រស់ចំរុះចំនួន ២០គីឡូក្រាម ចូលទន្លេវិញ។២-របាំងស្បៃមុងចំនួន០៤របាំង ប្រវែង៤៥០ម៉ែត្រ ឡុក ចំនួន០៨គ្រឿង លប/លូចំនួន០៨មាត់ បង្គោលចំនួន ៣០០ដើម ហើយបានចាក់លែងត្រីស្រស់ចំរុះចំនួន ១៥គីឡូក្រាមចូលទន្លេវិញ។

ចំពោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ  លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផល និងជាសមាជិកក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដូនស្តើង ក្រពើព័ន្ធ  អន្លុងតាសៅ ស្ថិតក្នុងភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងនោះក្រុមកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលសម្រេចបាន០១ករណីបានចុះរុះរើបំផ្លាញចោលវត្ថុតាងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អ៊ួនក្រឡាញឹកចំនួន ១២របាំង ប្រវែង៣.២០០ម៉ែត្រ ឡុកចំនូន២៤គ្រឿង លប/លូចំនួន៤៨មាត់ បង្គោលចំនួន១៨៥០ដើម ហើយបានចាក់លែងត្រីចូលទន្លេចំនូន៣០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើមធ្យោបាយជាកាណូតចំនួន០៦គ្រឿង  អស់ប្រេងចំនួន១៨០លីត្រ សម្រាប់ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបមួយថ្ងៃពេញ។