ពិធីលែងកូនត្រីពូជចំនួន៩.០០០ក្បាល ប្រភេទត្រីឆ្ពិននៅសហគមន៍ស្រះជម្រកត្រីអូរក្រូច ស្ថិតនៅឃុំសាលាវិស័យ

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
លោក ជល ថាច នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្រ្តីខណ្ឌលោក ទ្រី វណ្ណវុធ សង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្ក បានចូលរួមកម្មវិធីលែងកូនត្រីពូជ ក្នុងស្រុកប្រាសាទបល្ល័ង្កចំនួន១៦.០០០ក្បាល ដោយឡែកសហគមន៍ស្រះជម្រកត្រី អូរក្រូច បានលែងកូនត្រីពូជចំនួន៩.០០០ក្បាល ប្រភេទត្រីឆ្ពិន ស្ថិតនៅឃុំសាលាវិស័យ  ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ដោយមានការចូលរួមពីការិយាល័យកសិកម្មស្រុក អាជ្ញាធរភូមិឃុំ ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៨៥នាក់ ស្ថិតនៅភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ជល ថាច នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំបានលើកឡើងថា បច្ចុប្បន្នស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការត្រីជាចាំបាច់សម្រាប់ធ្វើម្ហូបអាហារ ដើម្បីចិញ្ចឹមជីវិត និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ដូចនេះហើយនៅតាមបឹងត្រពាំង និងស្រះមួយចំនួនស្ទើរតែផុតពូជត្រីដោយសារកត្តាមនុស្ស ទៅនេសាទស្ទើគ្រប់រដូវ ពុំបានយកចិត្តទុកដាក់ ថែរក្សាពូត្រីឱ្យបានគង់វង្សនោះឡើយ។ ដោយមានការយកចិត្តទុកដាក់ពីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បាននាំពូជត្រីយកមកលែកនៅសហគមន៍ស្រះជម្រកត្រីអូរក្រូចចំនួន៩.០០០ក្បាល ប្រភេទត្រីឆ្ពិន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឬភូមិបានចូលរួមចំណែកថែរក្សាពូជត្រីនេះឱ្យបានគង់វង្ស។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានគាំទ្រដល់ក្រុមការងារថ្នាក់ខេត្ត/ស្រុកទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមចំណែក បានផ្ដល់ពូជត្រីដល់សហគមន៍ជម្រកត្រីអូរក្រូច ដើម្បីបង្កើនជាធនធានធម្មជាតិមួយឱ្យមានភាពរីកចម្រើន ពិសេសគឺផ្ដល់ពីវិធីសាស្រ្ត និងបច្ចេកទេសក្នុងការចិញ្ចឹមត្រី ពីបៀបផ្ដល់ចំណីត្រីនៅក្នុងស្រះ ឱ្យចេះការពារនៅរដូវត្រីពង និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋបាននេសាទគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា កម្មវិធីលែងកូនត្រីពូជក្នុងស្រុកប្រាសាទបល្ល័ង្កចំនួន១៦.០០០ក្បាល ដោយឡែកសហគមន៍ស្រះជម្រកត្រីអូរក្រូច បានលែងកូនត្រីពូជចំនួន៩.០០០ក្បាល ប្រភេទត្រីឆ្ពិន ស្ថិតនៅឃុំសាលាវិស័យគាំទ្រដោយ អង្គការGIZ ,ANKo, WorldFish ផងដែរ៕