បើករថយន្ត​បុក​ផ្ទាំង​ប៉ាណូ​យានដ្ឋាន​ABS​លាង​រថយន្ត រួច​ជិះ​យក​ទៅ​ប្លុង​ចោល​គេចខ្លួនបាត់​

0

​ភ្នំពេញ ៖ រថយន្ត​ហាយ​ឡែន​ឌ័​រ កែច្នៃ​សំរាប់​ដឹក​សម្ភារៈ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​អត់​ស្លាក​លេខ​បាន​បើក​ជ្រុល​ទៅ​បុក​ផ្ទាំង​ប៉ាណូ របស់​យានដ្ឋាន ABS លាង​រថយន្ត​ហើយ​បាន​បើក​បន្ថែម​ល្បឿន​យក រថយន្ត​ទៅ​ប្លុង​ចោល​នៅក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ រួច​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​ជិះ​គេចខ្លួន​តែម្តង ។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០​នាទី យប់ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​យានដ្ឋាន ABS លាង​រថយន្ត តាមផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ទំនង​ជា​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​ឡែន​ឌ័​រ​កែច្នៃ​សំរាប់​កែច្នៃ​ដឹក​សម្ភារៈ មួយគ្រឿង ពណ៌​ទឹកប្រាក់ អត់​មាន​ពាក់​ស្លាក​លេខ បាន​ធ្វើដំណើរ​រេ​ពេញ​ផ្លូវ ៥៩៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច កើតហេតុ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅបុក​ផ្ទាំង​ប៉ាណូ របស់​យានដ្ឋាន ABS លាង​រថយន្ត បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។ បន្ទាប់ពី​បុក​យានដ្ឋាន ABS លាង​រថយន្ត​ហើយ​នោះ​អ្នកបើករថយន្ត​បាន​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​បាន​ប្រហែល​២០​ម៉ែត្រ ក៏​បាន​ឈប់​រថយន្ត​ប្លុង​ចោល​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ឡើង​ជិះ​រថយន្ត​របស់​មិត្តភក្តិ​គេចខ្លួន​តែម្តង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ខាងលើ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​៕​
1

2