អភិបាលខេត្តកំពង់ចាម ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យហាងកាហ្វេមុខវិទ្យាល័យព្រះសីហនុ បេីមានបង្កប់ល្បែងស៊ីសងអនឡាញ គឺត្រូវបិទហាងឈប់ឱ្យលក់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំប្រាប់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ឱ្យចុះពិនិត្យទីតាំងហាងកាហ្វេមុខសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ក្នុងករណីបើមានបង្កប់ល្បែងស៊ីសងតាមអនឡាញ គឺត្រូវបិទហាងកាហ្វេនោះចោលឈប់ឱ្យលក់តែម្ដង ចៀសវាងការបង្វក់ស្មារតីយុវជនយើងឱ្យធ្លាក់ក្នុងអំពើទុច្ចរិតពាលាអាវ៉ាសែ ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នៅជិតសាលាតែងតែមានក្មេងៗគេចវេះម៉ោងសិក្សា ដោយមិនចូលសាលា ទៅតាមមិត្តភ័ក្ដិមិនល្អ ហើយអាចនឹងឈានទៅប្រព្រឹត្តិបទល្មើសគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀតផង ដូច្នេះអាជ្ញាធរក្រុង និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវចុះពិនិត្យទីតាំងហាងកាហ្វេខាងលើ បើមានការបង្កប់ល្បែងស៊ីសងតាមអនឡាញ គឺត្រូវបិទហាងកាហ្វេនោះឈប់ឱ្យលក់តែម្ដង ចៀសវាងនាំឱ្យមានការជួបជុំប្រមូលផ្ដុំមិត្តភ័ក្ដិ សេពគប់អំពើអសីលធម៌ បង្កនូវការប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ជាពិសេសអនាគតរបស់យុវជនផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នេីដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអាណាព្យាបាល ត្រូវរួមគ្នាជំរុញដល់ការអប់រំសិក្សា ជាពិសេសការអប់រំនៅថ្នាក់មូលដ្ឋាន ឱ្យមានកំរិតស្តង់ដារ ពោលគឺត្រូវបង្កើនគុណភាព និងសមត្ថភាព របស់សិស្ស តាមរយៈការរៀនសូត្រ ពោលគឺរៀនឱ្យចេះ មិនមែនគ្រាន់តែរៀនឱ្យល្អមើលនោះទេ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយករបៀបវារៈសំខាន់ៗ ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែសីហា និងទិសដៅការងារប្រចាំ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ផ្សព្វផ្សាយអំពីសៀវភៅណែនាំស្តីពី ការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត តាមទម្រង់ថ្មីរបស់ក្រសួងមហាផ្ទៃ។
៤-បញ្ហាផ្សេងៗ ៕