តាកែវ : ក្មេងស្ទាវទំនើងចំនួនពីរក្រុម បានវាយគ្នា កាប់និងគប់គ្នា បណ្តាលអោយប៉ះត្រូវរថយន្តមួយគ្រឿងដែលកំពុងបើកបរតាមដងផ្លូវជាតិលេខ២ នៅចំណុចមុខការ៉ាស់សាំង PTT(ភី ធី ធី ) ខាងត្បូងផ្សាសំរោងយ៉ោង ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅ វេលាម៉ោង២១ និង៤៤នាទី ។
ការបង្ក្រាបនេះគឺធ្វើឡើងក្រោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ស្នងការ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីសហការជាមួយ និង បណ្ដាប៉ុស្តិ៍ពាក់ព័ន្ធ ស្រាវជ្រាវកំណត់មុខសញ្ញា លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទី ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីឈានទៅដល់ធ្វើការឃាត់ខ្លួនជនបង្កបានចំនួន៥នាក់ ចំណែកបក្សពួកមួយចំនួនទៀតបានគេចខ្លួនបាត់ ។ នៅក្នុងហេតុការណ៍នេះគឺបណ្តាលឲ្យបែកកញ្ចក់រថយន្តចំហៀងខាងឆ្វេង រថយន្តម៉ាក MG ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BU-3350 របស់ជនរងគ្រោះឈ្មោះ ឡេង រតនា ភេទស្រី អាយុ ២៤ ឆ្នាំ ដែលជិះឆ្លងកាត់តាមដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងដល់កន្លែងកើតហេតុ តែជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តតាកែវរួចហើយ។
បច្ចុប្បន្នជនបង្កត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕