(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជៈមួយចំនួន ដល់បងប្អូនកម្មករសំណង់ ដែលកំពុងដំណើរ
ការសាងសង់សាលប្រជុំថ្មី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទំហំទទឹង ប្រវែង១២ម៉ែត្រ និងបណ្ដោយប្រវែង៣០ម៉ែត្រ និងមានដំបូលបុកចំនួនបីខ្នង ដែលជាអំណោយរបស់ គណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងគុណចំពោះក្រុមជាងសំណង់ ដែលបានយកចិត្តទុកដាក់សាងសង់សាលប្រជុំថ្មីនេះ តាមគំរូប្លង់បានយ៉ាងត្រឹមត្រូវ ហើយមានគុណភាពនិងសោភ័ណភាព ដែលគិតមកដល់ពេលនេះការសាងសង់មានរយៈពេលជាងពីរខែកន្លងមកហើយ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការសាងសង់អគារសាលប្រជុំថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភមីជាតិចំនួន ២០កេស ត្រីខកំប៉ុងចំនួន២០យួរ និងទឹកសុទ្ធចំនួន២០យួរផងដែរ។
លោក នួន ងឿន ប្រធានកម្មករសំណង់ ដែលបានដឹកនាំការសាងសង់អគារសាលប្រជុំថ្មីនេះ បានបញ្ជាក់ជូនថា មកដល់ពេលនេះការសាងសង់សាលប្រជុំថ្មីរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមាណ75% រួចមកហើយ ។ ចំណុចដែលត្រូវធ្វើបន្តមានដូចជាការប្រក់ដំបូល,ការដាក់ទ្វារនិងបង្អួច,ការដាក់ពីដានបង្កប់ដោយម៉ាស៊ីនត្រជាក់នៅប៉ែកខាងលើ,ការរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនី និងក្រាលការ៉ូបាតដើម្បីបញ្ចប់នៃការសាងសង់អាគារនេះផងដែរ។
លោក នួន ងឿន បាទសូមគោរពថ្លែងអំណរគុណ ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនាជិតស្និទ្ធជាមួយកម្មករ ហើយនិងបានជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលកន្លងមក ហើយថ្ងៃនេះបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងភេសជ្ជៈ សម្រាប់កម្មករយើងបន្ថែមទៀត និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។





































