លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសលដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅ ព្រំប្រទល់ខេត្តកំពង់ធំ និង ខេត្តកំពង់ឆ្នាំង

0

កំពង់ធំ÷ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច បឹងម៉ាក្រោយភូមិនាងសាវជាប់ព្រំប្រទល់កន្លែងអភិរក្សលេខពីរស្ទួន និងចំណុចចុងព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងចម្រុះចុះចេញប្រតិបត្តិការនៅបឹងទន្លេសាបទទួលបានលទ្ធផលដូចខាងក្រោម÷បង្ករសំណុំរឿងបានចំនួន០១ករណីបានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន:របាំងសាច់អួនចំនួន០៤ របាំងប្រវែង១២០០ម៉ែត្រ ឡុកចំនួន ១២គ្រឿង លប/លូចំនួន១២មាត់ បង្គោលចំនួន៧៥០ដើម
ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនេសាទដែលប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរបររបស់ខ្លួននៅតាមទីតាំង ណាមួយក្នុងបឹងទន្លេសាប៕