រដ្ឋបាលស្រុកប្រាសាទសំបូរ បានចែកអាវពោង៤០ដល់សិស្សានុសិស្សរៀននៅអនុវិទ្យាល័យឈូក ដើម្បីការពារឱ្យមានសុវត្ថិភាពក្នុងការជិះទូកឆ្លងទឹកស្ទឹងសែន

0

កំពង់ធំ÷ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

ទឹកស្ទឹងសែនកំពុងតែស្ទុះឡើងយ៉ាងខ្លាំង ដោយសារកត្តាធម្មជាតិធ្វើឱ្យមេឃភ្លៀងជារៀងរាល់ថ្ងៃ ដោយមានការយកចិត្តទុកដាក់ចំពោះ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពទឹកជំនន់ ទឹកស្ទឹងសែនកំពុងតែបន្តកើនឡើងខ្លាំង។ លោក ឃីម សុខឃាង អភិបាលស្រុក ប្រសាទសំបូរ និងសហការី បានចុះពិនិត្យស្ថានភាពទឹកស្ទឹង និងចែកអាវពោងដល់សិស្សានុសិស្សចំនួន៤០ដល់សិស្សរៀននៅអនុវិទ្យាល័យឈូក ដែលធ្វើដំណើរតាមកំពុងចម្លងទូកដរ០២កន្លែង ក្នុងភូមិសាស្រ្តភូមិឈូកស្ទឹង  និងភូមិបឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកអភិបាលស្រុកប្រាសាទសំបូរ បានណែនាំក្មួយៗសិស្សនុសិស្ស ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះសុវត្តិភាពពេលកំពុងឆ្លងស្ទឹង ដើម្បីមកសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ។ ដូច្នេះហើយសូមលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សជួយផ្ដល់នៅសម្ភារៈសម្រាប់ការពារខ្លួនមានដូចជា អាវពោង ឬរបស់ស្រាលៗត្រៀមនៅក្នុងទូកដើម្បីការពារ ដល់អាយុជីវិត ឬក៏មានឧបទ្ទវហេតុណាមួយកើតឡើងចំពោះក្មួយៗ និងបងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងសែនផងដែរ។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរកបានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវតែខិតខំរៀនសូត្រឱ្យបានពូកែ និងមករៀនឱ្យបានទៀងពេលវេលា ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ក្នុងការកសាងខ្លួនក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ សូមឱ្យឪពុកម្ដាយគ្រប់រូបណែនាំដល់កូនចៅឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដែលរស់នៅតាមដងស្ទឹងសែន កុំឱ្យលេងទឹក ដើម្បីកុំឱ្យបាត់បង់អាយុជីវិតកើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកប្រាសាទសំបូរ និងសប្បុរសជនបានប្រគល់អាវពោងចំនួន៤០អាវ ដល់សិស្សានុសិស្សដែលមកសិក្សារៀនសូត្រនៅអនុវិទ្យាល័យឈូក សម្រាប់ពាក់ការពារក្នុងការធ្វើដំណើរដោយជិះទូកឆ្លងទឹកស្ទឹងសែន៕